Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ជូនលោកយាយអាយុ៨២ឆ្នាំ ដល់ផ្ទះ ក្រោយតុលាការកំពូលដោះលែងឲ្យនៅក្រៅឃុំ

03-12-2024 19:49

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានជូនលោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ ទៅដល់ផ្ទះនៅឃុំត្នោត ស្រុកបាទី ក្រោយតុលាការកំពូលសម្រេចដោះលែងចេញពីពន្ធនាគារ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ។

សូមរំលឹកថា លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ដោយសារទំនាស់ព្រំដីនោះ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ។

ការសម្រេចរបស់តុលាការកំពូលនេះ បានកើតឡើងក្រោយមានការចែកចាយនៅតាមបណ្តាញសង្គមព្រោងព្រាតនៅថ្ងៃនេះ ពាក់ព័ន្ធនឹងចំណាត់ការតាមផ្លូវច្បាប់ ដែលលោកយាយមានអាយុរហូតដល់៨២ឆ្នាំ រួមរិតដោយជំងឺលើស ឈាម និងទឹកនោមផ្អែមប្រចាំកាយនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការខេត្តតាកែវ ហើយយកលោកយាយទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃអាទិត្យ ក្រោមបទចោទប្រកាន់ពីបទ «ធ្វើឲ្យខូចខាតដោយ ចេតនា និងធ្វើឲ្យបាត់ជំនឿលើ សេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទទោសតាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។

ដំណើររឿងដែលឈានដល់ការចោទប្រកាន់ពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ទៅលើលោកយាយរូបនេះ គឺផ្តើមចេញពីទំនាស់ព្រំដី និងការសុំបើកផ្លូវជាមួយអ្នកជិតខាង រហូតមានការប្តឹងផុ្តល់គ្នា ហើយមានការចាប់ខ្លួន និងឃុំខ្លួនលោកយាយតែម្តង។ ក្រៅពីការចាប់ខ្លួនលោកយាយដាក់ពន្ធនាគារ, កូនរបស់លោកយាយចំនួន២នាក់ទៀត ក៏ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារផងដែរ កាលពីប៉ុន្មានខែមុននៅក្នុងករណីតែមួយនេះ។

សម្រាប់ករណីនេះ ក្រោយមានការចែកចាយព័ត៌មានច្រើននៅតាមបណ្តាញសង្គមអមដោយសាររិះគន់ផងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យករណីនេះឡើងវិញ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនភាគីពាក់ព័ន្ធ។

អយ្យការអមសាសាដំបូងខេត្តតាកែវ បានបញ្ជាក់ថា យោងតាមសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣០ (ខ) ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជុំ យ៉េន ដាក់ពន្ធនាគារកំណត់រយៈពេល៨ (ប្រាំបី)ខែ ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា និងធ្វើឲ្យបាត់ជំនឿលើ សេចក្ដីសម្រេចរបស់តុលាការ»។

យោងតាមដីកាសម្រេចសភាព្រហ្មទណ្ឌតុលាការកំពូលនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានយល់ឃើញថា ឈ្មោះ ជុំ យ៉េន ភេទស្រី កើតឆ្នាំ១៩៤២ មានវ័យចាស់ជរា គិតមកទល់នឹងពេលនេះមានអាយុ៨២ឆ្នាំហើយ។ ហេតុនេះតាមគោលការណ៍មនុស្សធម៌ គប្បីសភាព្រហ្មទណ្ឌ នៃតុលាការកំពូល ព្យួរការអនុវត្តទោសចំពោះទណ្ឌិតឈ្មោះនេះ តាមបញ្ញត្តិនៃមាត្រា៤៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ដីកាសម្រេចសភាព្រហ្មទណ្ឌតុលាការកំពូល បានបញ្ជាក់យ៉ាងដូច្នេះថា «
*ទី១៖ ទទួលបណ្ដឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ និងបញ្ជូនសំណុំរឿងព្រហ្មទណ្ឌ នៃបណ្តឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់តុលាការកំពូលទៅ សភាពេញអង្គនៃតុលាការកំពូលជាសមត្ថកិច្ច។ *ទី២៖ ព្យួរការអនុវត្តទោសលើទណ្ឌិតឈ្មោះ ជុំ យ៉េន ភេទស្រី កើតឆ្នាំ១៩៤២ ដែលមានក្នុងសាលក្រមព្រហ្មទណ្ឌលេខ ៣០ “ខ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ៕