(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំ ជាមួយគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដើម្បីពិភាក្សាលើ «សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ»

ក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ លោករដ្ឋមន្រ្តី សាយ សំអាល់ បានជម្រាបជូនអង្គប្រជុំសភាជ្រាបថា សន្និសីទប្រចាំឆ្នាំនៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លើកទី២១ (CoP21)  នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងឆ្នាំ២០១៥ បានអនុម័តកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ហៅថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីដោះស្រាយការការប្រែប្រួលអាកាសធាតុ ជាពិសេស ដើម្បីជំរុញការវិនិយោគ ដែលបញ្ចេញកាបូនទាបប្រកប ដោយចីរភាពនៅពេលអនាគត។

លោកបញ្ជាក់ទៀតថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រហូតមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មានប្រទេសចំនួន៧៦ ក្នុងចំណោម ១៩៧ បានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយដែលប្រទេសទាំង៧៦នេះ មានបរិមាណឧស្ម័នផ្ទះកញ្ចក់ ដែលបញ្ចេញសរុបលើសពី៥៥% នៃបរិមាណបញ្ចេញទូទាំងពិភពលោក ដែលជាលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ឱ្យកិច្ចព្រមព្រៀងនេះបានឈានដល់ចំណុចដៅ នៃការចូលជាធរមាន។

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការអនុម័តយល់ព្រមរបស់រដ្ឋសភាពជាតិ លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាកិច្ចការប្រវត្តិសាស្រ្តមួយ ដែលនឹងធ្វើឱ្យកម្ពុជាមានកាតព្វកិច្ច ដូចបណ្តាប្រទេសអភិវឌ្ឍតិចតួច និងប្រទេសកំពុងអភិវឌ្ឍដទៃទៀត ក្នុងការចូលរួមអនុវត្ត «ផែនការស្តីពីការចូលរួមចំណែក របស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា : Nationally Determined Constribution: NDC» របស់ខ្លួន។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការចូលរួមអនុវត្តផែនការនេះ កម្ពុជានឹងទទួលអត្ថប្រយោជន៍សំខាន់ៗ ដូចជា៖

- សហគមន៍អន្តរជាតិទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

- ជំរុញឱ្យប្រទេសមានឧស្សាហម្មជឿនលឿននាំមុខក្នុងការអនុវត្តកាតព្វកិច្ចតាមផ្លូវច្បាប់ និងមានការទទួលខុសត្រូវចំពោះការប្តេជ្ញារបស់ខ្លួន

- កម្ពុជាអាចនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព បន្ថែម ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ  ជាពិសេសស គឺការអនុវត្តសកម្មភាពលើកកម្ពស់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ការការពារព្រៃឈើ ការកែលំអហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលធន់នឹងអាកាសធាតុ ដូចមានចែងនៅក្នុង «ផែនការស្តីពីការចូលរួមចំណែករបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា» ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីលទ្ធផលចំបងៗ ដែលក្រសួងបរិស្ថាន និងទិសដៅការងារសំខាន់ៗ ដែលត្រូវអនុវត្តនៅក្នុងការងារកំណែទម្រង់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ ។

លោកប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ  ឃោសនាការ និងព័ត៌មាន និងសមាជិកនៃរដ្ឋសភា  បានកោតសរសើរ នឹងវាយតម្លៃខ្ពស់ដល់ការដឹកនាំ របស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ចំពោះសមិទ្ធិផលដែលសម្រេចបានកន្លងមក និងផែនការការងារនាពេលអនាគត។

កិច្ចប្រជុំពេញបានសម្រេចបញ្ជូន «សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ» ទៅគណៈកម្មាការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដើម្បីសុំការអនុម័តជាបន្ត៕