(បាងកក)៖ ព្រះបរមរាជវាំងថៃ បានប្រកាសឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតហើយ នៅម៉ោង៣៖៥២នាទីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ។
សូមស្វែងយល់ពីជីវប្រវត្តិស្តេចថៃ ព្រះអង្គ Bhumibol Adulyadej ដែលជាស្តេចគ្រងរាជយូរជាងគេលើពិភពលោក៖
* ឈ្មោះ៖ ភូមិបុល អាប់ឌុល យ៉ាដេត
* ថ្ងៃខែឆ្នាំ និងកន្លែងប្រសូត៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៧ ព្រះជន្ម៨៨ឆ្នាំ នៅទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក
* សោយរាជ្យសម្បត្តិ៖ ៩ មិថុនា ១៩៤៦ ដល់២០១៦
* ពិធីបរមរាជាភិសេក៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៥០
* អគ្គមហេសី៖ Sirikit Kitiyakara រៀបអភិសេកឆ្នាំ១៩៥០
* បិតា៖ Mahidol Adulyadej
* មាតា៖ Srinagarindra
* សាសនា៖ ពុទ្ធសាសនា ថេរវាទ
* ជីវិតពីកុមារភាព៖
ព្រះអង្គម្ចាស់ភូមិបុល កើតនៅមន្ទីរពេទ្យក្នុងទីក្រុង Cambridge សហរដ្ឋអាមេរិក។ ទ្រង់ជាបុត្រពៅរបស់អង្គម្ចាស់ Mahidol Adulyadej ។ ទ្រង់ត្រូវបានដាក់ឈ្មោះថា ភូមិបុល អាឌុលយ៉ាដេត ដែលមានន័យថា «ដែនដីដ៏រឹងមាំ អនុភាពមិនអាចប្រៀបផ្ទឹមបាន»។ បិតារបស់ទ្រង់បានចុះឈ្មោះក្នុងកម្មវិធីសុខភាពសាធារណនៅសហរដ្ឋអាមេរិក ដែលជាហេតុផលបង្ហាញថា មានតែទ្រង់តែប៉ុណ្ណោះ ដែលជាស្តេចបានប្រសូតនៅសហរដ្ឋអាមេរិក។
អង្គម្ចាស់ ភូមិបុល បានមកដល់ប្រទេស ថៃជាលើកដំបូងក្នុងឆ្នាំ១៩២៨ បន្ទាប់ពីបិតារបស់ទ្រង់ទទួលបានលិខិតអនុញ្ញាតពីសាលា Harvard។ ហើយបិតារបស់ទ្រង់បានសោយទីវង្គតក្នុងឆ្នាំ១៩២៩ ខណៈដែលព្រះអង្គម្ចាស់ភូមិបុល មានវ័យមិនដល់២វស្សាផង។ ទ្រង់បានចូលសិក្សានៅសាលា Mater Dei ក្នុងទីក្រុង បាងកក ប៉ុន្តែក្នុងឆ្នាំ១៩៣៣ មាតារបស់ទ្រង់បាននាំគ្រួសារទៅរស់នៅក្នុងប្រទេស ស្វីស វិញ ហេតុនេះទ្រង់បានបន្តការសិក្សានៅទីនោះ។
ព្រះអង្គម្ចាស់ ភូមិបុល បានក្លាយជាអ្នកលេងភ្លេង Jazz ហើយក្រោយមកបានក្លាយជាអ្នកលេងឧបករណ៍ភ្លេង Saxophone វិញម្តង ដែលជាអ្វីដែលទ្រង់ស្រឡាញ់ ងប់ងល់រហូតមកទល់បច្ចុប្បន្ន។ ក្នុងឆ្នាំ១៩៤៥ ទ្រង់ចាប់ផ្តើមសិក្សាឯកទេសផ្នែកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Lausanne ខណៈដែលសង្គ្រាមលោកលើកទីពីរ ត្រូវបានបញ្ចប់ ពេលនោះគ្រួសាររបស់ទ្រង់បានវិលត្រឡប់មកប្រទេស ថៃវិញ។
* ការរៀបអាពាហ៌ពិពាហ៌ និងការស្នងរាជ្យសម្បតិ្ត
ព្រះអង្គម្ចាស់ ភូមិបុល បានឡើងស្នងរាជ្យសម្បត្តិ បន្ទាប់ពីការសោយទីវង្គតរបស់ព្រះរាមរបស់ទ្រង់ព្រះនាម អាណាដា ម៉ាហ៊ីដុល ដោយសារការបាញ់ប្រហារ ដោយកាំភ្លើង ឆ្នាំ១៩៤៦។ ខណៈដែលរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ព្រះអង្គម្ចាស់ អាណាដា បានធ្វើអត្តឃាតដោយ បាញ់ប្រហារខ្លួនឯង។ ការស៊ើបអង្កេតបានអះអាងថា នេះជារឿងដែលមិនអាចទៅរួចទាល់តែសោះ។
តែក្រោយមក រាជអង្គរក្សពីរនាក់នៅក្នុងរាជវាំងបានសារភាពថា ពិតជាបានធ្វើឃាតទ្រង់ ហើយទទួលការប្រហារជីវិត។ តែអ្វីដែលអាចទៅរួចនោះគឺ ព្រះអង្គម្ចាស់ ភូមិបុលតែម្តងដែលទំនងជាអ្នកបាញ់ប្រហារព្រះរាមរបស់ទ្រង់ដោយអចេតនា ខណៈដែលទាំងពីរនាក់បងប្អូនកំពុងលេងកាំភ្លើង។ តែរឿងនេះហាក់មិនមានការលើក ឡើងនោះឡើយ បើទោះបីជាមន្ត្រីស៊ើបអង្កេតអង់គ្លេសបាន រកឃើញថា មានតែអង្គម្ចាស់ ភូមិបុលតែមួយអង្គគត់ ដែលបានទៅលេងបន្ទប់សម្រាករបស់ព្រះរាម ក្នុងរយៈពេល២០នាទី មុនពេលការបាញ់ប្រហារនេះកើតឡើង។
ព្រះអង្គម្ចាស់ ភូមិបុល បានបន្តស្នងរាជសម្បត្តិពីព្រះរាម តែទ្រង់បានវិលត្រឡប់ទៅប្រទេស ស្វីស វិញ នៅបុណ្យខួប១០០ថ្ងៃនៃការសោយទីវង្គត់។ បើទោះបីជាទ្រង់ចាប់អារម្មណ៍ទៅលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តែទ្រង់ត្រូវបង្ខំចិត្តផ្លាស់ប្តូរឯកទេស ដោយចុះឈ្មោះចូលរៀនផ្នែកច្បាប់ និងវិទ្យាសាស្ត្រ នយោបាយ ដើម្បីដំណែងជាប្រមុខរដ្ឋ។ ខណៈរស់នៅបរទេសនៅឡើយ ព្រះអង្គម្ចាស់ Rangsit ទទួលព្រះរាជអាជ្ញាក្នុងការធ្វើរដ្ឋប្រហារ ដើម្បីទម្លាក់រដ្ឋាភិបាល Thamrongnawasawat នៅខែវិច្ឆិកា ឆ្នាំ១៩៤៧។ ព្រះអង្គម្ចាស់បានចុះហត្ថលេខាទៅលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៩ ដែលងាកទៅផ្តល់អំណាចដល់ព្រះរាជាវិញ បន្ទាប់ពីច្បាប់នេះបានត្រូវបានលុបបំបាត់ ដោយបដិវត្តន៍តាំងពីឆ្នាំ១៩៣២។
បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេស ស្វីស ទ្រង់តែងធ្វើដំណើរទៅកាន់ទីក្រុង ប៉ារីស ជាញឹកញាប់ ជាទីដែលទ្រង់បានជួបជាមួយ នាង Mom Rajawongse Sirikit Kitiyakar ដែលជាកូនស្រីរបស់អគ្គរដ្ឋទូតថៃ ប្រចាំប្រទេសបារាំង។ ឆ្នាំ១៩៤៨ ទ្រង់គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួសខ្នង និងលើផ្ទៃមុខ ជាហេតុនាំឲ្យទ្រង់ មានរបួសលើភ្នែកខាងស្តាំ។ ខណៈដែលសម្រាកនៅមន្ទីរពេទ្យ នាង Sirikit មកសួរសុខទុកទ្រង់ជាប្រចាំ។ ទីបំផុតការភ្ជាប់ពាក្យដ៏ស្ងប់ស្ងាត់មួយត្រូវបានរៀបចំឡើង នៅទីក្រុង Luasanne នៅថ្ងៃទី១៩ ខែកក្កដា ១៩៤៩ ព្រមទាំងរៀបការក្នុងថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៥០។
ទ្រង់ទាំងពីរអង្គមានបុត្របួនអង្គគឺ៖
* ព្រះអង្គម្ចាស់ Princess Ubolratana Rajakanya កើតឆ្នាំ១៩៥១
* អង្គម្ចាស់ Maha Vajiralongkorn កើតឆ្នាំ១៩៥២
* ព្រះអង្គម្ចាស់ Maha Chakri Sirindhon កើតឆ្នាំ១៩៥៥
* ព្រះអង្គម្ចាស់ Chulbaho Walailak កើតឆ្នាំ១៩៥៧។
* តួនាទីក្នុងឆាកនយោបាយ៖
នៅឆ្នាំដំបូងៗនៃការសោយរាជ្យ គឺក្នុងអំឡុងដែលប្រទេសថៃ សិ្ថតក្រោមការដឹកនាំរបស់របបផ្តាច់ការយោធា ភិបុលសង្ក្រាម ព្រះអង្គម្ចាស់ ភូមិបុល គ្មានអំណាចពិតប្រាកដឡើយ។ ក្នុងខែកញ្ញា ឆ្នាំ១៩៥៧ ព្រះអង្គម្ចាស់ ភិបុលសង្ក្រាម បានជួបជាមួយព្រះអង្គម្ចាស់ ភូមិបុល ដើម្បីឲ្យទ្រង់ជួយដល់រដ្ឋាភិបាល របស់ព្រះអង្គ។ ព្រះអង្គម្ចាស់ ភូមិបុល បានផ្តល់ដំបូន្មានឲ្យទ្រង់ចុះចេញពីដំណែង ដើម្បីបញ្ចៀសការធ្វើរដ្ឋប្រហារ តែព្រះអង្គម្ចាស់ភិបុលសង្ក្រាមបដិសេធ។ នៅរសៀលថ្ងៃនោះ លោក សារិទ្ធ ថាណារាចាតា ដណ្តើមអំណាចបាន។ ក្នុងរយៈពីរម៉ោងក្រោយមក ព្រះអង្គម្ចាស់ ភូមិបុល បានដាក់ចេញនូវច្បាប់ថ្មីមួយ ដែលប្រកាសថា លោក សារិទ្ធ ជាមេបញ្ជាការយោធាការពារជាតិដោយគ្មានអ្នកណាជំទាស់ឡើយ។ ក្នុងពេលសោយរាជ្យសម្បតិ្តទ្រង់បានដោះស្រាយ និងកសាងស្នាព្រះហស្ថជាច្រើន។
* ការរិះគន់៖
បើទោះបីជាព្រះអង្គម្ចាស់ ភូមិបុល ទទួលបានការគោរពកោតខ្លាចពីសំណាក់ប្រជាជនថៃជាច្រើន តែទ្រង់នៅតែស្វែងរកការការពារពីច្បាប់ lèse majesté ដែលប្រឆាំងការប្រមាថស្តេច និងតម្រូវឲ្យអ្នករិះគន់ទ្រង់ត្រូវជាប់ពន្ធនាគារពី៣ ទៅ១៥ឆ្នាំ។ យ៉ាងនេះក្តីក្នុងអំឡុងនៃការថ្លែងសន្ទរកថា ក្នុងថ្ងៃចម្រើនព្រះជន្ម របស់ទ្រង់ឆ្នាំ២០០៥ ព្រះអង្គម្ចាស់ ភូមិបុល បានថ្លែងថា «ជាការពិត ខ្ញុំត្រូវតែរងការរិះគន់ ខ្ញុំមិនខ្លាចការរិះគន់ឡើយ ក្នុងករណីដែលខ្ញុំធ្វើខុស ព្រោះវាធ្វើឲ្យខ្ញុំបានដឹង។ ប្រសិនបើអ្នកនិយាយថា ស្តេចមិនអាចរិះគន់ មានន័យថា ស្តេចមិនមែនជាមនុស្សឡើយ»។ «ប្រសិនបើស្តេចមិនខុស វាហាក់ដូចជា មើលងាយ ព្រោះគិតថា ស្តេចមិនមែនជាមនុស្ស»។ សូមជម្រាបថា តាមរយៈច្បាប់នេះ ករណីបទប្រមាថស្តេចបានកើនឡើងពី៥ ទៅ៦ករណី ក្នុងអំឡុងមុនឆ្នាំ២០០៥ កើនដល់៤៧៨ករណី ក្នុងឆ្នាំ២០១០។
អ្នកសារព័ត៌មានជនជាតិអាមេរិកម្នាក់ ដែលមានឈ្មោះថា Handley ដែលបានចំណាយពេល១៣ឆ្នាំ ក្នុងប្រទេស ថៃ បានសរសេរសៀវភៅជីវប្រវត្តិ របស់ទ្រង់ដោយមានចំណងជើងថា «ស្តេចដែលមិនញញឹម»។ យ៉ាងនេះក្តីក្រសួងព័ត៌មាន និងទូរគមនាគមន៍បានហាមឃាត់មិនឲ្យចុះផ្សាយសៀវភៅនេះឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៦ អគ្គមេបញ្ជាការប៉ូលីសលោក Kowit Wattana បានបញ្ជាក់ថា សៀវភៅនេះមានអត្ថបទដែលបង្កផលប៉ះពាល់ ដល់សន្តិសុខជាតិ និងសីលធម៌ល្អរបស់ប្រជាពលរដ្ឋថៃ»។
សូមជម្រាបថា សៀវភៅនេះមានបង្ហាញនូវកិច្ចពិភាក្សាពិសេសពីច្បាប់របស់ទ្រង់ ក្នុងប្រវត្តិនយោបាយថៃ និងការវិភាគពីកត្តានានានៅពីក្រោយប្រជាប្រិយភាព របស់ព្រះអង្គ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ លោក William Stevenson ដែលជាអ្នកសរសេរនេះផ្ទាល់បានបញ្ជាក់ថា គំនិតនៃការសរសេរសៀវភៅនេះ ជាការផ្តល់យោបល់ពីទ្រង់ផ្ទាល់តែម្តង។ លោក Stevenson បាននិយាយដោយលើកឡើងនូវសំដីរបស់ព្រះអង្គម្ចាស់ ភូមិបុល ដែលបានបញ្ជាក់តាំងពីដើមទីថា «សៀវភៅនេះអាចបង្កគ្រោះថ្នាក់ដល់ទ្រង់ និងអ្នកសារព័ត៌មានរូបនេះបាន»។
*បញ្ហាសុខភាព៖
ព្រះអង្គម្ចាស់ ភូមិបុល ដំបូងឡើយ គឺក្នុងឆ្នាំ២០០៦ ទ្រង់មានជំងឺឆ្អឹងខ្នង ព្រមទាំងទទួលបានការព្យាបាល។ ទ្រង់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខែតុលា ឆ្នាំ២០០៧សារជាថ្មី ដោយមានជំងឺខ្វះឈាមក្នុងខួរក្បាល។ ទ្រង់ទទួលការព្យាបាលដោយសារបញ្ហាច្រើនប្រភេទ ហើយបានចេញពីមន្ទីរពេទ្យក្នុងរយៈពេល បីសប្តាហ៍ក្រោយមក។
ជាថ្មីម្តងទៀត ព្រះរាជាដែលមានវ័យចំណាស់រូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Siritraj ក្នុងខែកញ្ញា ឆ្នាំ២០០៩ ដោយសារមានជំងឺផ្តាសាយ និងរលាកទងសួត។ បន្ទាប់ពីការសម្រាកព្យាបាលជាញឹកញាប់នោះ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ សុខភាពរបស់ទ្រង់ហាក់មានភាពដុនដាបខ្លាំង រហូតមិនអាចបង្ហាញវត្ថមានជាសាធារណក្នុងកម្មវិធីចម្រើនព្រះជន្មរបស់ទ្រង់បានឡើយ ប៉ុន្តែបានបង្ហាញវត្ថមានតាមកញ្ចក់ទូរទស្សន៍នៅក្នុងថ្ងៃទី១៤ ខែធ្នូ កន្លងទៅនេះ។ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ព្រះអង្គត្រូវបានអនុញ្ញាតឲ្យទៅកំសាន្តនៅព្រះរាជវាំង Chitralada Royal Villa ប៉ុន្តែបែរជាត្រូវវិលត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នេះ សារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ថា សុខភាពរបស់ទ្រង់កាន់តែយ៉ាប់យឺនជាលំដាប់ រហូតជម្រុញឲ្យប្រជារាស្ត្រប្រមូលផ្តុំគ្នាបន់ស្រន់ ក្នុងបំណងសូមឲ្យសុខភាពទ្រង់ប្រសើរឡើងវិញ៕
ព័ត៌មានស្រង់ចេញពី៖ wikipedia.org