(កណ្តាល)៖ ស្លាកគណបក្សសង្គ្រោះជាតិមួយ ត្រូវបានខូចខាតស្ទើរទាំងស្រុង ដោយសារកូនប្រសាចិត្តក្តៅស្រវឹងស្រាម្នាក់ ខឹងម្តាយក្មេកក៏ជះកំហឹងមកលើ ស្លាកគណបក្សនោះ។
សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ហេតុការណ៍វាយបំផ្លាញស្លាក គណបក្សសង្គ្រោះជាតិនេះ កើតឡើងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ឈ្មោះ គុន នារី ក្នុងភូមិទួលស្វាយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ហើយសម្ភារខូចខាតស្លាកសញ្ញា គណបក្សសង្គ្រោះជាតិចំនួន ០១ ធ្វើពីសង្ក័សី មានទំហំ ០.៩×៣ ម៉ែត្រ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កមានឈ្មោះ ញឹម សុជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ ។ ចំណែកជនរងគ្រោះ ឈ្មោះ ទែន សុខ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ មុខរបរ កសិករ និងជាជំទប់ទី១ គណៈបក្សសង្គ្រោះជាតិឃុំឈើខ្មៅ និងឈ្មោះ គុន នារី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាម្ដាយក្មេកជនសង្ស័យ) មានទីលំនៅ ភូមិឃុំកើតហេតុ មុខរបរកសិករ។
សមត្ថកិច្ចបានរៀបរាប់ដំណើររឿងថា នៅមុនពេលកើតហេតុមួយថ្ងៃ ជនសង្ស័យបានធ្វើដំណើរមកតាមរកប្រពន្ធ ឈ្មោះ ហ៊ លាងហ៊ី ឯផ្ទះម្ដាយក្មេករបស់ខ្លួន ក្នុងភូមិឃុំកើតហេតុខាងលើ ដោយប្រពន្ធរបស់ជន សង្ស័យបានរត់គេចចេញពីផ្ទះ ព្រោះតែត្រូវជនសង្ស័យជាប្ដីវាយធ្វើបាប ។ ពេលមកដល់ជនសង្ស័យបាននិយាយសុំ យកប្រពន្ធទៅផ្ទះវិញ តែប្រពន្ធ និងម្ដាយក្មេកពុំព្រម រួចជនសង្ស័យក៏សម្រាកនៅទីនោះ។ លុះនៅវេលាម៉ោងប្រមាណ ១៣៖៣០នាទី ថ្ងៃកើតហេតុ ក្រោយពីជនសង្ស័យបានផឹកស្រាស្រវឹង នៅឯផ្ទះម្ដាយ ក្មេកខ្លួនរួចបានទាក់ពាក្យសម្ដីគ្នាជាមួយម្ដាយក្មេក ហើយបានទាញយកដំបងឈើវាយទៅលើ ស្លាកគណបក្សសង្គ្រោះជាតិ ដែលដាក់បញ្ឈរនៅខាងមុខផ្ទះ បណ្ដាលឲ្យដួលខូចខាត រួចទាញទៅដាក់លើផ្លូវជាតិលេខ ១១០ ។
ក្រោយមកបានបន្តិចម្ដាយក្មេកជនសង្ស័យ និងឈ្មោះ ទែន សុខ បានមកដាក់ពាក្យបណ្ដឹងមក សមត្ថកិច្ចប៉ុស្ដិ៍មូលដ្ឋាន ភ្លាមនោះសមត្ថកិច្ចបានចុះ ដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ញឹម សុជាតិ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងបន្តចាត់ការតាមនីតិវិធី៕