Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ចំណាត់ការតាមផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានប្រព្រឹត្តខុសច្បាប់ បានចូលរួមចំណែកលើកកម្ពស់ឧត្តមភាពវិជ្ជាជីវៈសារព័ត៌មាន និងផ្តល់តម្លៃដល់អ្នកសារព័ត៌មានដែលប្រកបវិជ្ជាជីវៈ

03-12-2024 13:49

(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា អ្នកសារព័ត៌មានទាំងអស់ មានកាតព្វកិច្ចគោរពក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ ដែលមានការផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ និងប្រកបដោយតុល្យភាព ហើយអ្នកសារព័ត៌មានដែលបំពេញវិជ្ជាជីវៈរបស់ខ្លួន ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន គឺត្រូវទទួលបាននូវការការពារពីច្បាប់។

តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ លោក សេង ឌីណា បានបញ្ជាក់ថា ប្រសិនបើមានអ្នកសារព័ត៌មានណាដែលផ្សាយព័ត៌មានពិត, គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជា ច្បាប់ជាធរមានផ្សេងទៀត ប៉ុន្តែ ត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ណាមួយ សូមទាក់ទងមកក្រសួងយុត្តិធម៌ ដើម្បីធ្វើការត្រួតពិនិត្យ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានឱ្យដឹងថា ផ្ទុយទៅវិញ, អ្នកសារព័ត៌មានណាដែលប្រព្រឹត្តខុសច្បាប់ និងបំពានសិទ្ធិរបស់អ្នកដទៃ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាការផ្សាយព័ត៌មានស្របតាមវិជ្ជាជីវៈសារព័ត៌មាននោះទេ។ ការផ្សាយបរិហារកេរ្តិ៍ និងជេរប្រមាថអ្នកដទៃ, ការផ្សាយ ឬគំរាមផ្សាយព័ត៌មាន ដើម្បីសម្អុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់នឹងលក្ខខណ្ឌជំរិតយកលាភសក្ការៈពីបុគ្គលនោះ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ប៉ុន្តែ ជាអំពើខុសច្បាប់របស់កម្ពុជា។

លោក សេង ឌីណា បានបន្ថែមថា នៅក្នុងសង្គមនីតិរដ្ឋ, ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺមានព្រំដែនកំណត់ត្រឹមការប្រើសិទ្ធិសេរីភាពរបស់បុគ្គលដទៃ។ រាល់សកម្មភាពរំលោភបំពានច្បាប់ និងសិទ្ធិសេរីភាពអ្នកដទៃ គឺត្រូវតែមានការឆ្លើយតបដោយការទទួលខុសត្រូវ។ អ្នកសារព័ត៌មានក៏ដូចគ្នាដែរ គឺគ្មានអភ័យឯកសិទ្ធិទេ។ អ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ច្បាប់ស្តីពីរបបសារព័ត៌មាន គឺមានរួចហើយ, បើមិនគោរពច្បាប់ស្តីពីរបបសារព័ត៌មាន តើបង្កើតច្បាប់នេះមក ដើម្បីអនុវត្តទៅលើអ្នកណា?

ទន្ទឹមនឹងនេះដែរ លោកបានថ្លែងថា ចំណាត់ការតាមផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់ មិនត្រឹមតែធានាបាននូវការអនុវត្តច្បាប់ និងការការពារសិទ្ធិសេរីភាពរបស់ប្រជាជននោះទេ ប៉ុន្តែ វាក៏ចូលរួមចំណែកផងដែរ ក្នុងការលើកកម្ពស់ឧត្តមភាពនៃវិជ្ជាជីវៈសារព័ត៌មាន ពិសេសផ្តល់តម្លៃដល់អ្នកសារព័ត៌មានដែលប្រកបវិជ្ជាជីវៈ ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងគោរពទៅតាមច្បាប់សារព័ត៌មាន៕