(ភ្នំពេញ)៖ នៅថ្ងៃនេះប្រធានាធិបតីមហាអំណាចចិន ស៊ី ជីនភីង នឹងមកដល់ទឹកដីកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ បំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។ នេះគឺជាគម្រោងទស្សនកិច្ចជាផ្លូវរដ្ឋលើកដំបូងសម្រាប់ លោក ស៊ី ជីនភីង ក្នុងនាមលោកជាប្រធានាធិបតីចិន។
ទទួលស្វាគមន៍ប្រធានាធីបតី ស៊ី ជីនភីង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញគឺ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងរដ្ឋមន្រ្តីវ័យក្មេង សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋប្រធានាធិបតីចិនរូបនោះ នឹងអញ្ជើញចូលគាល់សម្តេចម៉ែ និងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងបន្តជួបពិភាក្សាការងារសំខាន់ៗជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវិមានសន្តិភាព នៅពេលល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រមទាំងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕