(ភ្នំពេញ)៖ មួយថ្ងៃមុនការអញ្ជើញមកដល់របស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រជាពលរដ្ឋខ្មែរមួយចំនួន បានសម្តែងការសាទរចំពោះដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ។ តាមការសាកសួរប្រជាពលរដ្ឋខ្មែរមួយចំនួន បានយល់ឃើញស្រដៀងគ្នាថា ការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នាពេលនេះ បានលើកស្ទួយដល់ប្រទេសកម្ពុជាផង និងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែល្អប្រសើរជាងមុនផង។
កញ្ញា រស់ កល្យាណ យុវតីមួយរូប ដែលបានមកផ្តិតរូបភាពនៅជិតសួនច្បារវត្តបុទុមវតី ទីដែលមានការតុបតែងលំអរភ្លើងពណ៌អមជាមួយព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រខ្មែរ និងរូបថតប្រធានាធិបតីចិន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កញ្ញាពិតជាសប្បាយចិត្តនិងសាទរជាខ្លាំង ដែលកំពូលថ្នាក់ដឹកនាំនៃប្រទេសចិន លោក ស៊ី ជីនពីង មកទស្សនកិច្ចកម្ពុជានាពេលនេះ។
កញ្ញា កល្យាណ យល់ឃើញថា ដំណើរទស្សនកិច្ចនាពេលនេះគឺអាចជំរុញឲ្យកម្ពុជា កាន់តែល្បីល្បាញជាងនេះ ជាពិសេសនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។
មិនសូវជាខុសពី កល្យាណ ប៉ុន្មនាដែរ លោក ហេង វណ្ណៈ ជាអ្នកដំណើរម្នាក់ ដែលបានមកថតរូបកម្សាន្តនៅសួនច្បារវត្តបុទុមវតីបានប្រាប់ថា លោកបានដឹងដំណឹងពីដំណើរទស្សនកិច្ច លោក ស៊ី ជីនពីង ប្រធានាធិបតីចិនមកកាន់កម្ពុជា ដោយសារទំព័រព័ត៌មានរបស់អង្គភាព Fresh News ក៏ដូចជាសារព័ត៌មានក្នុងស្រុកមួយចំនួនទៀតថា លោក ស៊ី ជីនពីង នឹងមកដល់កម្ពុជានៅថ្ងៃស្អែក។
យុវកម្លោះរូបនេះ ទំនងជាតាមដានព័ត៌មានច្រើន បានអះអាងយ៉ាងច្បាស់ៗថា លោក ពិតជាចង់ឃើញកម្ពុជា មានមុខមាត់ដូចពេលនេះ ដែលមានថ្នាក់ដឹកនាំកំពូលៗមកទស្សនកិច្ចជាញឹកញាប់។ អ្វីដែលលោក វណ្ណៈ កត់សំគាល់គឺថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ជាកំពូលថ្នាក់ដឹកនាំមួយរូប បានចំណាយពេលមកទស្សនកិច្ចនៅកម្ពុជា ដែលព្រឹត្តិការណ៍នេះហាក់មិនធ្លាប់មានពីមុនឡើយ។
យ៉ាងណាក៏ដោយពាក្យស្រដៀងគ្នា ដែលទាំងកល្យាណ និង វណ្ណៈ រំពឹងទុកនោះថា ចង់ឃើញកម្ពុជា និងចិន កាន់តែមានទំនាក់ទំនង ជាមួយគ្នាឲ្យបានល្អលើគ្រប់វិស័យ ហើយកាន់តែល្អលក្ខណៈយូរអង្វែងតទៅទៀត។
នៅមុនដំណើរមកដល់របស់ ស៊ី ជីនពីង គេសង្កេតឃើញថា នៅតាមសួនច្បារមុខព្រះបរមរាជវាំង ក៏ដូចជានៅព្រះបរមរាជវាំង មានការ តុបលែងលំអរដោយទង់ជាតិកម្ពុជា-ចិន និងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រខ្មែរ និងរូបលោកប្រធានាធិបតីចិនយ៉ាងធំៗ មានលំអរ ដោយភ្លើងភ្ញី និងផ្កាស្រស់ជាច្រើនគួរឲ្យចង់ទស្សនា និងផ្តិតយករូបភាពផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃស្អែកនេះ ប្រធានាធិបតីមហាអំណាចចិន ស៊ី ជិនពីង នឹងមកដល់ទឹកដីកម្ពុជានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។ នេះគឺជាគម្រោងទស្សនកិច្ចជាផ្លូវរដ្ឋលើកដំបូងសម្រាប់ លោក ស៊ី ជិនពីង ក្នុងឋានៈជាប្រធានាធិបតីចិន។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋប្រធានាធិបតីរូបនោះ នឹងអញ្ជើញចូលគាល់សម្តេចម៉ែ និងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងបន្តជួបពិភាក្សាការងារសំខាន់ៗជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវិមានសន្តិភាព នៅពេលល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រមទាំងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕