(ព្រៃវែង)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង លោក ឃ្លោក ពិសិដ្ឋ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ដែលជាឃាតក សម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ នៅកណ្ដាលវាលស្រែ ក្នុងស្រុកកញ្ជ្រៀច។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ឆាយ ហេង ហៅតឹង អាយុ២៨ឆ្នាំ ត្រូវជាប់ចោទ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រ២០០ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ។
សូមបញ្ជាក់ថា អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ចំងាយ៨៥០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ។
ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩៖០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញស្លាប់បាត់ទៅហើយ ចោលកូនម្នាក់ និងចៅម្នាក់។
មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ ឆ្នាំ រងរបួស៣កន្លែង (ស្នាមរបួសភ្នែកខាងស្ដាំ ជំរៅបុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេង ជំរៅជ្រៅ ទៅក្នុងសាច់, ស្នាមបែកដាច់បបូមាត់ទាំង លើទាំងក្រោម) ប្ដីឈ្មោះ មាន យ៉ន អាយុ៤៣ឆ្នាំ រងរបួស៤កន្លែង (ស្នាមរបួសក្រោមប្រឡង់ ភ្នែកឆ្វេង មុតជ្រៅចូលក្នុងសាច់, ស្នាមរបួសដាច់ ត្រចៀកឆ្វេង, របួសក្នុងប្រឡង់ភ្នែកខាងស្ដាំចូលជ្រៅ, របួសចំក្រចៀកស្ដាំ)។
ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕