(ភ្នំពេញ)៖ មន្ទីរសំរាកព្យាបាលកម្ពុជា និង សាលារៀនអន្តរទ្វីបអាមេរិកាំង បានសហការរៀបចំសិក្ខាសាលា ស្តីអំពីរោគស្ត្រី និងការលំបាកមានកូន ដែលមានសិក្ខាកាមជាសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីបអាមេរិកាំងចូលរួមចំនួន២០០នាក់ ។
នៅក្នុងឱកាសបើកសិក្ខាសាលានោះ លោកស្រី ឡា សុភៈ នាយិកាមធ្យមសិក្សា នៃសាលារៀនអន្តរទ្វីបអាមេរិកាំង បានថ្លែងថា បញ្ហាសុខភាព គឺជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសគឺបញ្ហាសុខភាពរបស់ស្ត្រី ហើយសុភាពបុរស ក៏គួរតែស្វែងយល់អំពីការលំបាករបស់ស្ត្រី ពាក់ព័ន្ធនឹងបញ្ហាសុខភាព ក៏ដូចជាការលំបាកក្នុងការមានបុត្រ ដែលបញ្ហានេះមិនមែន បណ្តាលមកតែពីខាងស្រ្តីតែម្ខាងនោះឡើយ។
លោកស្រីក៏បានផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ ឲ្យគិតទៅដល់បញ្ហា៣ សំខាន់ ពោលគឺ បញ្ហាសេដ្ឋកិច្ច (Economic) ពេលវេលា (Time) និង មធ្យោបាយដោះស្រាយ (How) ។
លោកស្រី បានសង្កត់ធ្ងន់លើចំណុចទាំង៣ខាងលើនេះថា បើស្ត្រីយើងម្នាក់ៗ មានបញ្ហាសុខភាពមិនល្អ វានាំអោយមានការប៉ះពាល់ ដល់សេដ្ឋកិច្ចគ្រួសារ និងពេលវាផង ក៏ដូចជាប៉ះពាល់ដល់កុមារដែរ នៅក្នុងបន្ទុកគ្រួសាររបស់យើងផងដែរ ។ ដូច្នេះសិក្ខាសាលានេះ ជាឱកាសសំរាប់យើងទាំងអស់គ្នា បានស្វែងយល់នូវឬសគល់ នៃបញ្ហារោគស្ត្រី និងការលំបាកមានកូន ដើម្បីយើងអាចស្វែងរក មធ្យោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ក្នុងការដោះស្រាយ បញ្ហាសុខភាពរបស់យើង តាមរយៈការទទួលនូវពុទ្ធិថ្មី និងព័ត៌មានពិត។
បន្ទាប់មក លោកស្រី ស៊ាន សុខទៀង នាយកបច្ចេកទេស នៃមន្ទីរសំរាកព្យាបាលកម្ពុជា បានធ្វើបទបង្ហាញជូន ដល់សិក្ខាកាមទាំងអស់ ដោយលោកស្រីវេជ្ជបណ្ឌិត បានផ្តោតទៅលើចំណុចសំខាន់ៗ ដែលរួមាន អ្វីទៅដែលហៅថា ការលំបាកមានកូន ហើយការលំបាកមានកូន ចែកចេញជាពីរប្រភេទ គឺ ការលំបាកមានកូនប្រភេទទី១ (Primary Infertility) ពោលគឺស្ត្រីពុំធ្លាប់មានកូនទាល់តែសោះ ដោយឡែកការលំបាក មានកូនប្រភេទទី២ ដែលហៅថា (Secondary Infertility) សំដៅដល់ស្ត្រីដែលធ្លាប់មានកូនម្តងហើយ ប៉ុន្តែពុំអាចមានកូនជាលើកទី២ ដូចបំណង ។
លោកស្រីវេជ្ជបណ្ឌិត ក៏បានលើកឡើងផងដែរ អំពីមូលហេតុដែលបណ្តាលឲ្យ មានការលំបាកមានកូន ដែលមូលហេតុទាំងនោះ អាចបណ្តាលមកពីស្ត្រី ដែលរួមមាន៖ ដំណើរអូវ៉ុលមិនទៀងទាត់ ការខូចខាតដៃស្បូន មាត់ស្បូនធ្លាប់មានការវះកាត់ ដែលធ្វើអោយការបញ្ចេញរំអិលមិនបានល្អ មានដុំសាច់ក្នុងស្បូន ជំងឺ Endometriosis ជាដើម និងមូលហេតុបណ្តាលមកពីខាងបុរស រួមមាន៖ បញ្ហានៃការផលិតទឹកកាម (មេជីវិតបុរសចំនួនមិនគ្រប់គ្រាន់ ចលនាមិនល្អ រូបរាងខុសប្រក្រតី) ការមិនមានមេជីវិតបុរសនៅក្នុងទឹកកាម ការស្ទះនៃការបញ្ជូនមេជីវិតបុរស និងបញ្ហានៃការរួមភេទជាដើម។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា បញ្ហានៃការលំបាកមានកូន ដែលអាចបណ្តាលមកពីស្ត្រី រឺបុរស កំរិតធ្ងន់នោះ លែងជាឧបសគ្គសំរាបស់គូស្វាមីភរិយា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទៀតហើយ ដោយសាមានការព្យាបាលតាមបែបបច្ចេកវិទ្យា ពោលគឺការបង្ករកំណើនកូនក្នុង កែវ (IVF) និង ICSI ដែលបច្ចេកវិទ្យានេះ មាននៅកម្ពុជា តាំងពីខែកញ្ញា ឆ្នាំ ២០១៤។
ទន្ទឹមនឹងការស្វែងយល់របស់ សិក្ខាកាមអំពីបញ្ហារោគស្ត្រី និងការលំបាកមានកូន និង ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកស្រី នាយិកា មធ្យមសិក្សា នៃសាលារៀន អន្តរទ្វីអាមេរិកាំង អំពីព័ត៌មានពិត និងមធ្យោបាយក្នុងការដោះស្រាយ បញ្ហាអោយចំគោលដៅ លោក វ៉ា ម៉ូនីកា នាយកគ្រប់គ្រងទូទៅ នៃមន្ទីសំរាកព្យាបាលកម្ពុជា បានធ្វើបទបង្ហាញខ្លីអំពី សេវាកម្ម ដែលផ្តល់ដោយមន្ទីរសំរាក់ព្យាបាលកម្ពុជា និងលទ្ធផលដែលមន្ទីរសំរាកព្យាបាលកម្ពុជា សំរេចបានក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
លោកបានបញ្ជាក់ក្នុងបទបង្ហាញថា៖ គិតមកត្រឹមពេលនេះ មន្ទីរសំរាកព្យាបាល កម្ពុជា បានជួយដល់អ្នកលំបាកមានកូនកំរិតមធ្យម និងស្រាល បានជោគជ័យចំនួន ១០៤០ គ្រួសារ ក្នុងនោះមាន ៨៤០ គ្រួសារបានសំរាលហើយ និងអតិថិជនដែលជោគជ័យដោយជ្រើសរើសការបង្កកំណើតកូនក្នុងកែវ (IVF) មានចំនួន ៣១៦ គ្រួសារ ។
លោកបានលើកឡើងទៀតថា FCC សំរេចអត្រាជោគជ័យ កូនតោងជាប់ ៦៧ ភាគរយខ្ពស់ជាង ឡាបូបង្កកំណើត នៅខាងអឺរ៉ុប ដែលមានអត្រាជោគជ័យ ត្រឹមតែ ២៨ ទៅ ៤១ ភាគរយតែប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៏ របស់ស្ថាប័នបច្ចេកវិទ្យា ជួយបង្កកំណើតនៅអឺរ៉ុប ឆ្នាំ ២០១៦ European Society of Human Reproduction and Embryology (ESHRE) ។
ដោយឡែកបើយោងតាម របាយការណ៏ផ្លូវការរបស់ស្ថាប័នបច្ចេកវិទ្យាជួយបង្កកំណើតនៅអាមេរិក American Society for Reproductive Medicine (ASRM) អត្រាជោគជ័យ នៅប្រទេសអាមេរិកក្នុងឆ្នាំ ២០១៦ នេះ មានត្រឹមតែ៥៤ភាគរយ តែប៉ុណ្ណោះ។ មន្ទីរសំរាកព្យាបាល កម្ពុចា ស្ថិតនៅជាប់របងខាងជើង សាលាបឋមសិក្សាភ្នំដូនពេញ៕