(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យមន្រ្តីមានសមត្ថកិច្ច ពាក់ព័ន្ធទូទៅខេត្តកំពង់ធំ ត្រូវបង្កើនសកម្មភាពចុះជួយប្រជាពលរដ្ឋ និងបន្តដោះស្រាយបញ្ហានានា ឱ្យគ្រប់ជ្រុងជ្រោយ សំដៅធានាជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ការបញ្ជាក់យ៉ាងមុតមាំបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ នាសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពី លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ, លោក សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ព្រមទាំងសមាជិកនៃ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ មន្ទីរអង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធនៃក្រុង-ស្រុកទាំង៨ ទូទៅខេត្តកំពង់ធំ សរុបចំនួន១២០នាក់។

កិច្ចប្រជុំខាងលើ បានធ្វើការបូកសរុប និងត្រួតពិនិត្យលើការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរមានសមត្ថកិច្ចពាក់ព័ន្ធ ដោយផ្តោតលើរបៀបវារៈសំខាន់ៗ ស្តីពី បច្ចប្បន្នភាពនៃការចុះឈ្មោះបោះឆ្នោត, បច្ចុប្បន្នភាពនៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី, សភាពការណ៍បង្កបង្កើនផល និងការទិញស្រូវពីប្រជាពលរដ្ឋ, ការត្រៀមលក្ខណៈទប់ទល់នឹងទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេតុ និងការរក្សាទឹកទុក នារដូវប្រាំងខាងមុខ, ការគូសបញ្ជាក់ឡើងវិញនូវ សំណើឆ្វៀលដីតំបន់៣ និងតំបន់២, ការស្នើសុំកែសម្រួលផ្ទៃដីនៅតំបន់អភិរក្សសត្វខ្សឹប, ការគ្រប់គ្រងតម្លៃប្រើប្រាស់អគ្គិសនី និងតម្រូវការចាំបាច់នៃសាលារៀនក្នុងខេត្ត ក្រុង-ស្រុក។

អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស និងបានឯកភាពគ្នាក្នុងការលើកទិសដៅអនុវត្តបន្ត និងដោះស្រាយបញ្ហាសំខាន់ៗ រួមមាន៖

១.ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុកទាំង៨ ត្រូវបន្តជំរុញប្រជាពលរដ្ឋ ដែលដល់អាយុបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោត និងធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីឲ្យបានគ្រប់ៗគ្នា តាមផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត។

២.ក្រុមការងារថ្នាក់ជាតិ ត្រូវសហការជាមួយអាជ្ញាធរខេត្ត ក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីបន្តសិក្សាស្វែងយល់អំពីតម្លៃស្រូវ និងកសិផលរបស់ប្រជាកសិករ។

៣.ក្រុមការងារថ្នាក់ជាតិ ត្រូវសហការជាមួយអាជ្ញាធរខេត្ត ក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីចាត់ចែងការទប់ទឹកដែលហូរចូលអាងនៅតាមមូលដ្ឋានស្រុក-ក្រុង ក្នុងរដូវវស្សានេះ  ដើម្បីរក្សាទឹកទុកសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងដាំដុះរបស់កសិករ នៅពេលទឹកស្រកទៅវិញ។

៤.ក្រុមការងារថ្នាក់ជាតិ ត្រូវសហការជាមួយអាជ្ញាធរខេត្ត ក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីបន្តការអនុវត្ត
ការងារឆ្វៀលដីនៅតំបន់៣ និងតំបន់២ និងការពិនិត្យពិចារណាឲ្យបានជាក់ស្តែង អំពីផ្ទៃដីសម្រាប់តំបន់អភិរក្សមួយចំនួន ដើម្បីធ្វើសំណើសុំកែសម្រួល ឲ្យបានសមស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ។

៥.អង្គប្រជុំបានគាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាល និងក្រសួងរ៉ែ និងថាមពល ដែលបានបញ្ចុះតម្លៃប្រើប្រាស់អគ្គីសនីជូនប្រជាពលរដ្ឋ ហើយនឹងផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៧ ខាងមុខ និងស្នើឲ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុក ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពីដំណឹងល្អនេះ។

៦.ក្រុមការងារថ្នាក់ជាតិ ត្រូវសហការជាមួយអាជ្ញាធរខេត្ត ក្រុង-ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីពិនិត្យមើលជាក់ស្តែង អំពីតម្រូវការចាំបាច់ នៃអគារសិក្សាដែលត្រូវសាងសង់ថ្មី និងអគារសិក្សាដែលត្រូវជួសជុលឡើងវិញ។

៧.ក្រុមការងារថ្នាក់ជាតិ ត្រូវខិតខំបន្តដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕