(ភ្នំពេញ)៖ ក្រុមហ៊ុន Jilin Province Investment Group Co. Ltd ដែលជាក្រុមហ៊ុនធំមួយរបស់ចិន គ្រោងវិនិយោគសាងសង់ឡសម្ងួត ឃ្លាំងស្តុកស្រូវ និងរោងម៉ាស៊ីនកិនស្រូវ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ អាចផលិតបានអង្ករ ដែលមានស្ដង់ដារទទួលស្គាល់ជាអន្តរជាតិសម្រាប់នាំចេញទៅកាន់បរទេសឲ្យកាន់តែច្រើន។
គំរោងនៃការវិនិយោគ របស់ក្រុមហ៊ុនចិននេះ ត្រូវបានលើកយកមកពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។ កិច្ចពិភាក្សាបានធ្វើឡើងរវាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូរបស់ក្រុមហ៊ុន Jilin Province Investment Group Co.Ltd.។
គម្រោងវិនិយោគនេះ គឺជាការចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករកម្ពុជា។ ក្រុមហ៊ុន Jilin Province Investment Group Co. Ltd. បានសុំការគាំទ្រពីក្រសួងពាណិជ្ជកម្ម លើការចុះអនុស្សរណៈជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ៕