(សៀមរាប)៖ គណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១៤ រូប ដឹកនាំដោយលោក ឈូ ទុងយូ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបំពេញទស្សនកិច្ច និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ច របស់គណៈប្រតិភូចិននៅពេលនេះ ត្រូវបានធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យកសិកម្ម នៅក្នុងគម្រោងអភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក ដែលកំពុងអនុវត្ត ដោយកិច្ចសហការរវាងមជ្ឈមណ្ឌល លើកកម្ពស់កសិកម្មចិន-កម្ពុជា ហៅកាត់ថា CAPROC (China-Cambodia Agriculture Promotion Center) និងអាជ្ញាធរជាតិអប្សរា។
មជ្ឈមណ្ឌល CAPROC ជាគម្រោងជំនួយ របស់រដ្ឋាភិបាលចិនមកកម្ពុជា ដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្ម ហើយគម្រោងនេះមានគោលដៅសំខាន់៤ចំណុចគឺ ទី១-ការបង្ហាញអំពីបច្ចេកទេសនៃការដាំដុះ ដោយផ្តោតសំខាន់ទៅលើស្រូវ និងដំណាំបន្លែផ្សេងៗ ទី២-បង្ហាញអំពីគ្រឿងយន្តកសិកម្មសម័យទំនើប និងការប្រើប្រាស់ផ្ទះកញ្ចក់ ទី៣-បង្ហាញ និងផ្សព្វផ្សាយអំពីការកែច្នៃផលិតផលកសិកម្ម និងទី៤- ការជំរុញកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងចិន លើវិស័យកសិកម្ម។
លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ និងជាអនុប្រធានគម្រោង ភូមិធម្មជាតិរុនតាឯក បានពន្យល់គណៈប្រតិភូអំពី ដំណើរការអភិវឌ្ឍន៍ នៃភូមិធម្មជាតិរុនតាឯក ដោយផ្តោតការយកចិត្តទុកដាក់លើការ លើកស្ទួយកម្រិតជីវភាព ប្រជាពលរដ្ឋតាមរយៈវិស័យកសិកម្ម និងទេសចរណ៍។
ជាមួយគ្នានេះ លោក ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូចិន ក៏ដូចជារដ្ឋាភិបាលចិន ដែលតែងតែយកចិត្តទុកដាក់ចំពោះការអភិរក្ស និងជួសជុលប្រាសាទ ក្នុងឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រយៈកាលកន្លងមក ជាពិសេស គឺការនាំគម្រោងឧទ្យាន គំរូបច្ចេកវិទ្យាកសិកម្មចិន-កម្ពុជា មកអនុវត្ត នៅក្នុងភូមិធម្មជាតិរុនតាឯក នេះតែម្តង៕
សូមជំរាបថា តាមរយៈគម្រោងនេះ ក្រុមហ៊ុនសហប្រតិបត្តិការអន្តរជាតិ បច្ចេកទេសកសិកម្មហ្វវើដ (Forward) ដែលជាក្រុមហ៊ុនអនុវត្តគម្រោង CAPROC បានសហការជាមួយ អាជ្ញាធរជាតិអប្សរា ដើម្បីជ្រើសរើសដីនៅភូមិធម្មជាតិរុនតាឯក អនុវត្តគម្រោងកសិកម្មនេះ ហើយកិច្ចសហការនេះ គឺផ្តោតទៅលើការបង្កើតឧទ្យានគំរូវិទ្យាសាស្ត្រ និងបច្ចេកទេសកសិកម្ម ដែលគ្រោងនឹងប្រើប្រាស់ដីចំនួន២០ហិកតា ដោយចែកជាពីរដំណាក់កាល គឺ៣ឆ្នាំ ដំបូងប្រើប្រាស់ជំនួយថវិការបស់រដ្ឋាភិបាលចិន ហើយ១៥ឆ្នាំបន្ទាប់ នឹងប្រើប្រាស់ថវិកាផ្ទាល់របស់ក្រុមហ៊ុន៕