Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិដ្ឋភាពដាំដើមឈើ ១,៥០០ដើម និងការយល់ឃើញរបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងថ្ងៃទី២នៃការបោះជំរំថ្នាក់ជាតិ និងអន្ដរជាតិ នៅខេត្ដឧត្ដរមានជ័យ (Video Inside)

30-11-2024 23:43

(ឧត្ដរមានជ័យ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ ដែលមានរយៈពេល ៤យប់ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លើទឹកដីខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣០០នាក់ មកពីក្លឹបយុវជនទាំង ២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ និងសាខាខេត្តចំនួន៨ រួមមាន ខេត្ដឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់។

ព្រមជាមួយគ្នានេះ ក៏មានការចូលរួមពីយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ចំនួន ៨នាក់ ក្នុងនោះមកពី អឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាម ជាពិសេសមានការអញ្ជើញចូលរួមពី លោកស្រី ខាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា-ឡាវ-ថៃ-វៀតណាមផងដែរ។

សម្រាប់ថ្ងៃទី២ នៃការបោះជំរំ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ យុវជនកាកបាទក្រហម បានទៅដាំដើមឈើ ចំនួន ១,៥០០ដើម ក្រោមអធិបតីភាពលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីប្រធានមន្ទីរបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

ដើម្បីជ្រាបច្បាស់ពីកម្មវិធីខាងលើនេះ សូមទស្សនាទិដ្ឋភាពដាំដើមឈើ និងការយល់ឃើញរបស់យុវជនកាកបាទក្រហមកម្ពុជា៖