(កណ្តាល)៖ លោក ប៉េង ពោធិ៍នា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជូនរង្វាន់សិស្សជ័យលាភី និទ្ទេស A សម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៃវិទ្យាល័យស្រុកស្អាង និងវិទ្យាល័យស្រុកកោះធំ។
ពិធីក៏មានការចូលរួមពីប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ នាយកវិទ្យាល័យទាំង២ស្រុក លោកគ្រូ អ្នកគ្រូថ្នាក់ទី១២ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាច្រើនរូបផងដែរ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ នៅស្រុកស្អាង មានវិទ្យាល័យចំនួន ៤ ដែលមានបេក្ខជនប្រឡងជាប់សរុបចំនួន ៨៥៩នាក់ (ស្រី ៥១៩នាក់) គិតជាភាគរយ ៧៦,៤២% មានសិស្សជាប់និទ្ទេសA ១៧នាក់ (ស្រី ១០នាក់) និទ្ទេសB ៨៣នាក់ (ស្រី ៤៣នាក់) និទ្ទេសC ១៦៤នាក់ (ស្រី ១០៨នាក់) និទ្ទេសD ៣១២នាក់ (ស្រី ១៩០នាក់) និងនិទ្ទេសE ២៨៣នាក់ (ស្រី ១៦៨នាក់)។ ស្រុកកោះធំ មានវិទ្យាល័យចំនួន ៣ មានបេក្ខជនប្រឡងជាប់សរុបចំនួន ៤៩០នាក់ (ស្រី ២៨៨នាក់) គិតជាភាគរយ ៧៩,៨០% មានសិស្សជាប់និទ្ទេសA ២៩នាក់ (ស្រី ១៩នាក់) និទ្ទេសB ៦៧នាក់ (ស្រី ៣៩នាក់) និទ្ទេសC ១១៦នាក់ (ស្រី ៦៨នាក់) និទ្ទេសD ១៣៤នាក់ (ស្រី ៧៤នាក់) និងនិទ្ទេសE ១៤៤នាក់ (ស្រី ៧៩នាក់)។
ថ្លែងក្នុងអង្គពិធីលោក ប៉េង ពោធិ៍នា បានធ្វើការផ្តាំទៅកាន់ក្មួយៗសិស្សានុសិស្ស និងអង្គពិធីទាំងមូល ជាការកត់សម្គាល់ ឆ្នាំនេះអត្រាប្រលងជាប់ច្រើនជាងឆ្នាំមុន បើប្រៀបធៀបឆ្នាំចាស់កន្លងមក នេះជាលទ្ធផលដែលគួរឱ្យអបអរសាទរ និងជាទីមោទនចំពោះក្មួយៗទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្ររហូតប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាចូលរួមត្រេកអរជាមួយឳពុកម្តាយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលខិតខំបង្រៀន និងជួយទំនុកបម្រុងដល់ក្មួយៗរហូតទទួលបានលទ្ធផលល្អត្រចះត្រចង់ក្នុងការសិក្សានាពេលកន្លងទៅ។ ដោយសារប្រទេសយើងមានសន្តិភាព ឱកាសសម្រាប់ការសិក្សារៀនសូត្រមានច្រើន និងសូមក្មួយៗខិតខំបន្ត និងត្រូវចងចាំថាចំណេះវិជ្ជាកណ្តៀរក៏មិនកោរ កណ្តុរក៏មិនកាត់។
ក្នុងឱកាស នៃកម្មវិធីសំណេះសំណាលជាមួយសិស្សជ័យលាភីលោក ប៉េង ពោធិ៍នា បានប្រគល់អំណោយជារង្វាន់ជ័យលាភី និងថវិកាជូនដល់សិស្សនិទ្ទេសA ទាំងអស់ ក្នុង១រូប ទទួលបានម៉ូតូម្នាក់ ១គ្រឿង និងមួកសុវត្ថិភាពម្នាក់១ សិស្សប្រឡងជាប់បាក់ឌុប ទទួលបានថវិកា ១០ម៉ឺនរៀល លោកគ្រូ-អ្នកគ្រូ ទទួលបានថវិកាម្នាក់ ១០ម៉ឺនរៀល និងប្រជាការពារភូមិទទួលបានថវិកាម្នាក់ ១ម៉ឺនរៀល៕