(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់់ប្រជាពលរដ្ឋ ចំនួន៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីបញ្ចប់បញ្ហាវិវាទនៅសង្គមជាតិ ដែលទាក់ទងនឹងវិវាទដីធ្លីនេះ។

ពិធីនេះក៏មានការចូលរួមពីលោក ប្រាក់ សោភ័ណ អភិបាល អភិបាលខេត្តសៀមរាប, លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា, លោក ពៅ ហេង មេបញ្ជាការ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤, លោក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ព្រមទាំងអភិបាលក្រុង ស្រុក ទាំង១៣ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត មេឃុំ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

យោងតាមរបាយការណ៍របស់លោក ប្រាក់ សោភ័ណ បានលើឡើងថា ដោយមានការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការដឹកនាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីរដ្ឋបាល ខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន បានប្រជុំជាបន្តបន្ទាប់ ដោយកំណត់ទីតាំងបុរាណដ្ឋានបានចំនួន៩ ក្រុង/ស្រុក រួមមាន៖ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី ក្រុងរុនតាឯកតេជោសែន ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកជីក្រែង ស្មើនឹង៧១ ឃុំ/សង្កាត់ ដោយសម្រេចបានចំនួន ៧ ២១៣ ទីតាំង (ស្មើនឹង៦៣%) មានទំហំ ២៣៥ ៤៥៦ ៨៤៩ ម៉ែត្រក្រឡា និងប៉ះពាល់ដីប្រជាពលរដ្ឋ ចំនួន ៧០ ៤០២ ក្បាលដី ក្នុងនោះរួមមាន៖ ទីតាំងបុរាណដ្ឋាន ដែលអាជ្ញាធរជាតិអប្សរាបានសម្រេចដកចេញពីបញ្ជី ១ ១០៦ ទីតាំង ស្មើនឹងទំហំ ១២ ០១៩ ៨៦៤ ម៉ែត្រក្រឡា។ ទីតាំងដីបុរាណដ្ឋានស្នើសុំថ្នាក់ដឹកនាំសម្រេច ចំនួន ១ ០២៧ ក្បាលដី ទំហំ ១១៩ ៩៧៤ ០៧២ ម៉ែត្រក្រឡា។

លោកបានបន្តថា ក្បាលដីអាចចុះបញ្ជីជូនប្រជាពលរដ្ឋចំនួន ១៨ ៧៩៧ ក្បាលដី ស្មើនឹងទំហំ ២៩ ៦៥៦ ៤៦៧ ម៉ែត្រក្រឡា។ ចំនួនក្បាលដីត្រូវចេញបណ្ណសរុបចំនួន ៤ ៤៤៧បណ្ណ ដែលក្នុងនោះ ជូនជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋ ចំនួន ៤ ៤២៣ បណ្ណ និងជូនជាកម្មសិទ្ធិរបស់រដ្ឋ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ចំនួន ២៤ បណ្ណ មានដូចជា៖ ក្រុងសៀមរាប ត្រូវចេញបណ្ណសរុបចំនួន ៣ ១១៩ បណ្ណ ក្នុងនោះ ចំនួន ៣ ០៩៦ បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងចំនួន ២៣ បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ។ ស្រុកប្រាសាទបាគង ត្រូវចេញបណ្ណសរុបចំនួន ១ ៣២៨ បណ្ណ ក្នុងនោះ ចំនួន ១ ៣២៧ បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងចំនួន ៩ បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា នៅក្នុងអាណត្តិនេះ សម្តេចតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្រ្តី និងជាប្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំថាគួរធ្វើឲ្យបែបណា ដើម្បីបញ្ចប់បញ្ហាចម្រូងចម្រាសនៅក្នុងសង្គមជាតិ ដែលទាក់ទងនឹងវិវាទដីធ្លី។ ឧបនាយករដ្ឋមន្ត្រី បន្តថា បញ្ហារបស់យើងមានមួយចំនួន ប្រសិនបើយើងទៅដោះទាំងអស់ វាពិបាកបន្តិចនៅក្នុងពេលតែមួយ ដូច្នេះយើងត្រូវធ្វើកិច្ចការមួយចំនួនព្រមគ្នា ដើម្បីបង្កើតនៅបរិយាកាសមួយ ដែលជាបរិយាកាសលែងមានវិវាទសម្រាប់សង្គមជាតិយើងទាំងមូលតែម្តង។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រោយរំដោះឆ្នាំ១៩៧៩ មកបានដល់ពេលនេះហើយ យើងគួរចំណាយពេលវេលារៀបចំស្រុកទេសរបស់យើងឲ្យបានល្អ និងរៀបចំជីវិតរបស់ប្រជាពលរដ្ឋឲ្យបានល្អ ជាជាងយើងស្ថិតនៅ ក្នុងស្ថានភាពមួយដែលមិននឹងហ្នក្នុងចិត្ត និងស្ថិតនៅក្នុងស្ថានភាពមួយដែលយើងមានវិវាទជាមួយគ្នា។ នេះជារឿងមួយ ដែលមិនចំណេញសម្រាប់យើង មិនចំណេញសម្រប់សង្គមជាតិទេ ដូច្នេះ យើងត្រូវធ្វើកិច្ចការយើង ដើម្បីដោះស្រាយបញ្ហានឹងទាំងអស់គ្នា ប្រសិនបើប្រជាពលរដ្ឋទាំងអស់មិនចូលរួមដោះស្រាយទេ បញ្ហានឹងក៏មិនដឹងជាធ្វើយ៉ាងមិចដែរ ហើយវានឹងនូជាមួយយើងតជំនាន់។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរអរគុណអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា មន្រ្តីក្រសួងរៀបចំដែនដី មន្ទីររៀបចំដែនដី ភូមិបាលក្រុង ស្រុក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើឲ្យដំណើរការនៃការចុះបញ្ជីក្បាលដីប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលដ៏ល្អប្រសើរនាពេលនេះផងដែរ៕