Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈមេធាវីកម្ពុជា ស្នើជំនួយបន្ថែមសម្រាប់ទ្រទ្រង់ សកម្មភាពការពារក្ដីជូនជនក្រីក្រ

12-10-2016 17:46

(ភ្នំពេញ)៖ នាយកដ្ឋានការពារក្ដីជូនជនក្រីក្រ នៃគណៈមេធាវីកម្ពុជា ស្នើជំនួយបន្ថែមទៀត ដើម្បីទ្រទ្រង់សកម្មភាពការពារក្ដីជូនជនក្រីក្រ ។ បច្ចុប្បន្ននាយកដ្ឋានមួយនេះ ទទួលតែពីប្រភពចំណូល ពីរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ហើយបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាថវិកា ។

លោកមេធាវី យុង ផានិត ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រ នៃគណៈមេធាវី បានផ្ដល់បទសម្ភាសន៍កាលពីរសៀលថ្ងៃទី១២ ខែតុលា ដោយលោកបាន ថ្លែងថា ប្រជាពលរដ្ឋក្រីក្រអាចស្នើសុំ មេធាវីដើម្បីការពារក្ដីដោយឥតបង់សេវា តាមរយៈតុលាការ ឬ មកកាន់ទីស្នាក់ការរបស់គណៈមេធាវីផ្ទាល់ ដែលមានទីតាំងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ គណៈមេធាវី មាននាយកដ្ឋានមួយ ឈ្មោះថា «នាយកដ្ឋានការពារក្ដីជូនជនក្រីក្រ» ដែលមានសេវាកម្មសំខាន់ៗចំនួនពីរ ទី១ ប្រឹក្សាផ្នែកច្បាប់ និងទី២ ផ្តល់មេធាវីដើម្បីតតាំងក្ដីនៅតុលាការ។

បើតាមលោកមេធាវី យុង ផានិត បច្ចុប្បន្ននេះមានមេធាវីចំនួន១៨១នាក់ ដែលស្ម័គ្រចិត្តការពារក្ដីជូនជនក្រីក្រដោយមិនយកសេវា ហើយក្នុងនោះមានមេធាវី៧០នាក់ បានប្រចាំការទូទាំងរាជធានីខេត្ត ដើម្បីបម្រើសេវាកម្មជូនជនក្រីក្រ។

លោកមេធាវី យុង ផានិត បញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះសំណុំរឿងមានចំនួនជាង១៥០០រឿងក្ដី តែថវិកាដែលរាជរដ្ឋាភិបាល ផ្តល់ជូនអាចប្រើប្រាស់ បានត្រឹម១០៦០រឿងក្ដីប៉ុណ្ណោះ ហើយរឿងក្ដីនៅសល់ប៉ុន្មានទៀត គឺកំពុងតែខ្វះខាតថវិកា។

ស្របពេលជាមួយគ្នានេះ ស្ត្រីម្នាក់ដែលធ្វើដំណើរពីខេត្តបាត់ដំបង មករកសេវាកម្មមេធាវីការពារក្ដីជូនជនក្រីក្រនៅគណៈមេធាវី គឺ លោកស្រី ចាន់ ហឿ អាយុ៥៧ឆ្នាំ  ថ្លែងថា រយៈពេលជាង១០ឆ្ នាំមកហើយ ដែលគណៈមេធាវីបាន ចាត់តាំងមេធាវីការពារលោកស្រី ក្នុងសំណុំរឿងទំនាស់ដីធ្លី រហូតទទួលបានជោគជ័យ ។

លោកស្រី បញ្ជាក់ថា គណៈមេធាវីពុំបានទារសេវា ឬមិនយកចិត្តទុកដាក់នោះទេ គឺ បានយកចិត្តទុកដាក់ជាខ្លាំង ដើម្បីការពារក្ដីជូនជនក្រីក្រ។ លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលខ្វះខាតថវិកាពឹងពាក់មេធាវី អាចមកកាន់គណៈមេធាវី ដើម្បីសុំសេវាកម្មមេធាវីការពារ ជនក្រីក្រ ដោយឥតបង់សេវាបាន ។

លោកមេធាវី យុង ផានិត ប្រធាននាយកដ្ឋាន ការពារក្ដីជូនជនក្រីក្រ នៃគណៈមេធាវីប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីបន្តសកម្មភាពការពារក្ដីជូនជនក្រីក្រ បន្ថែមទៀត៕