(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានប្រកាសដាក់ចេញវិធានការក្តៅលើរថយន្តតទ្រុងខុសបច្ចេកទេសទាំងឡាយដោយមិនមានការលើកលែង ឬអន្តរាគមន៍ឡើយ ទោះបីរថយន្តអ្នកមានអំណាចក៏ដោយ។
ដើម្បីចាត់វិធានការលើរថយន្តតទ្រុង ក៏ដូចជាកែច្នៃខុសលក្ខណៈបច្ចេកទេសឲ្យមានប្រសិទ្ធភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រួមនិងមន្រ្តីគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មានកងកម្លាំងប្រដាប់អាវុធផងនោះ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នេះ បានបើកកិច្ចប្រជុំរួមគ្នា ដោយបានសម្រេចដាក់ចេញ វិធានការយ៉ាងតឹងរឹងទៅលើក្រុមម្ចាស់យានយន្តតទ្រុង និងកែច្នៃខុសបច្ចេកទេស។
លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា កិច្ចប្រជុំបានសម្រេចចុះត្រួតពិនិត្យ និងចាត់វិធានការដោយម៉ឹងម៉ាត់លើរថយន្តកែច្នៃខុសបច្ចេកទេស ដោយតម្រូវឲ្យកាត់ទ្រុងចេញ ហើយវិធានការដំបូតម្រូវឲ្យម្ចាស់រថយន្តតទ្រុងទាំងអស់ កាត់ទ្រុងចោលដោយខ្លួនឯង តែបើម្ចាស់យានយន្តមិនកាត់ចេញទេ ក្រសួងនឹងណែនាំ តែបើបន្តរឹងរូសមិនព្រមកាត់ចេញទៀត ក្រសួងនឹងចុះប្រតិបត្តិការកាត់ចេញតែម្តង។
បើតាមលោក ស៊ុន ចាន់ថុល ការកាត់ទ្រុងរថយន្តនេះ នឹងអនុវត្តន៍ដោយស្មើភាព មិនមានការលើកលែង ឬអន្តរាគមន៍សម្រាប់រថយន្ត របស់បុគ្គលមានអំណាចនោះឡើយ។ លោកបញ្ជាក់ដូច្នេះ «មិននមែនកាត់អ្នកតូចតាច គ្មានខ្សែមកអន្តរាគមន៍ អត់មានអន្តរាគមន៍ទេ ឡានអ្នកណាក៏ដោយឲ្យតែខុសច្បាប់ ក្រសួងចាប់កាត់ចោលទាំងអស់»។
ទន្ទឹមនិងការប្រកាសដាក់ចេញវិធានការក្តៅហើយនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់ម្ចាស់រថយន្តតទ្រុងខុសបច្ចេកទេសទាំងអស់ ឲ្យនាំគ្នាកាត់ទ្រុងចោលចៀសវាងការដឹកលើសទម្ងន់នាំឲ្យខូចផ្លូវ។ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមផ្ញើសារជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុន ដែលមានយានជំនិះកែទ្រុងខុសលក្ខណៈបច្ចេកទេស សូមមេត្តាកាត់ខ្លួនឯងឲ្យហើយទៅ កុំឲ្យយើងខ្ញុំកាត់ជំនួស។ សូមឲ្យចូលរួមជាមួយ រាជរដ្ឋាភិបាល ដែលមានការខិតខំ។ សម្តេចនាយករដ្ឋមន្រ្តី មានការខិតខំប្រឹងប្រែងណាស់ ស្វែងរកថវិកា ប្រាក់កម្ចី ជំនួយឥតសំណងមកកសាង មកកសាងផ្លូវថ្នល់ជូនប្រជាពលរដ្ឋយើង អភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យបានរីកចម្រើនកាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋយើង។ ចូលរួមថែរក្សាផ្លូវជាតិរបស់យើងផង កុំបំផ្លាញអ្វីៗ ដែលរាជរដ្ឋាភិបាលខិតខំកសាងជូនបងប្អូនប្រជាពលរដ្ឋយើង»។
រដ្ឋមន្រ្តីក្រសួងសាធារណការ ក៏បានបញ្ជាក់ឲ្យដឹងដែរថា បើម្ចាស់រថយន្តទាំងអស់ នៅតែមិនព្រមធ្វើតាមការកំណត់របស់ក្រសួងទេនោះ ក្រសួងសានឹងតម្រូវឲ្យបង់ប្រាក់ពិន័យតាមបទល្មើសជាក់ស្តែង។ ដើម្បីទប់ស្កាត់ការតទ្រុង និងកែច្នៃខុសបច្ចេកទេសនេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងក៏នឹងចាត់វិធានការតឹងរឹងលើកន្លែងកែច្នៃរថយន្ត ដែលនៅតែរឹងទទឹងកែច្នៃរថយន្តខុសបច្ចេកទេសផងដែរ។
បញ្ហារថយន្តតទ្រុងនេះ បានបង្កបញ្ហាអស់ជាច្រើនឆ្នាំមកហើយតែចំណាត់ការត្រូវបានគេមើលថា មិនទាន់មានប្រសិទ្ធភាពនៅឡើយ នៅតែមានរថយន្តតទ្រុង ខុសបច្ចេកទេសជាច្រើនបន្តមានវត្តមានលើដងវិថីក្នុងប្រទេសកម្ពុជា។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះ បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដើម្បីចាត់វិធានការទៅលើរថយន្តកែច្នៃទាំងនេះ។ ក្រុមការងារនេះ មានសមាជិក ១២រូប និង មានលោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន។
នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះឃាត់រថយន្ត និងទាមទារឲ្យបង់ប្រាក់ពិន័យជាបន្តបន្ទាប់។ នៅក្នុងកញ្ញា កន្លងទៅនេះ ក្រសួងបានចាប់រថយន្ត ដឹកលើសទម្ងន់បានចំនួន ១៣៧គ្រឿង និងពិន័យប្រាក់ជាង ៤២៥លានរៀល (៤២៥,៦២៦,០០០រៀល)៕