(បាងកក)៖ មកទល់នឹងរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦នេះ ស្ថានភាពសុខភាពរបស់ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុល យ៉ាដេត ហាក់កាន់តែធ្ងន់ធ្ងរដុនដាបខ្លាំងហើយ ដោយព្រះអង្គពេលនេះកំពុងតែសម្រាកស្តូកស្តឹងនៅមន្ទីរពេទ្យសិរីរាជ ទីក្រុងបាងកក ដោយមានប្រជាជនជាច្រើន នាំគ្នាស្លៀកសំលៀកបំពាក់ពណ៌ផ្កាឈូក ដើម្បីធ្វើការបួងសួងសុំឲ្យព្រះអង្គ មានសុខភាពប្រសើរឡើងវិញ។ នេះបើតាមការចេញ នៅមុននេះបន្តិច ដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍។
ដោយឡែកនៅថ្ងៃពុធនេះដែរ បុណ្យជាតិចំនួនពីរត្រូវបានលុបចោល ហើយលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានត្រឡប់ជាបន្ទាន់ពីតាមខេត្ត មកកាន់ទីក្រុងបាងកកវិញ ដើម្បីគ្រប់គ្រងស្ថានការណ៍ ក្នុងនាមជាអ្នកដឹកនាំប្រទេស។ រហូតមកទល់នឹងពេលនេះ មិនទាន់មានប្រភពណាមួយបញ្ជាក់ពីស្ថានភាព សុខភាពរបស់ព្រះអង្គនោះទេ ប៉ុន្តែស្តេចថៃ ដែលមានព្រះជន ៨៨វស្សាអង្គនេះ បានទទួលការព្យាបាលនៅមន្ទីរពេទ្យ អស់រយៈពេលពីរ ទៅបីថ្ងៃមកហើយ៕