(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានធ្វើការព្រមានធ្ងន់ៗ ចំពោះអ្នកម៉ៅការ ទទួលផ្ញើកង់-ម៉ូតូ-រថយន្ដ ដែលនៅតែបន្ដយកលុយ លើសពីការកំណត់ក្នុងសៀវភៅបន្ទុក។ ការព្រមានធ្ងន់ៗ បែបនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ ខណៈដែលលោកអភិបាលខណ្ឌ បានកោះហៅ លោក លោកស្រី ដែលជាអ្នកម៉ៅការ យកភាស៊ី ផ្ញើកង់-ម៉ូតូ-ឡាន មកប្រជុំដើម្បីធ្វើការណែនា ជុំវិញការថ្លៃលើសពីការកំណត់ ក្នុងសៀវភៅបន្ទុក។
ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពី លោក អ៊ុ សុភក្ដី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ខាត់ យឿន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងលោក លោកស្រី ម៉ូតូ កង់ រថយន្ត នៅក្នុងខណ្ឌដូនពេញ ជាច្រើនរូបទៀតផងដែរ។
លោកអភិបាលខណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «នឹងមិនអនុគ្រោះទៀតទេ ធ្វើច្បាប់ហើយ គឺគ្មានជម្រើសទេ គឺអនុវត្តតាមសៀវភៅបន្ទុកជាដាច់ខាត ការយកលុយលើសសៀវភៅបន្ទុក របស់អ្នកម៉ៅការ គឺមានការស្តីបន្ទោសពីថ្នាក់ដឹកនាំ មិនមែនការស្តីបន្ទោសត្រឹមតែប្រធានផ្សារ ប្រធានខណ្ឌប៉ុណ្ណោះទេ គឺមានបញ្ហា ដល់រាជរដ្ឋាភិបាលទៀត ហើយការយកលុយលើសសៀវភៅបន្ទុកមិនអាចការឡៃថា ជួយអូសម៉ូតូ ផ្ញើមួក បានទេព្រោះថា ក្នុងសៀវភៅបន្ទុកមិនមានចែងទេ»។
លោក គួច ចំរើន បានបន្ថែមថា ចំពោះតម្លៃដែលបានកំណត់ ក្នុងសៀវភៅបន្ទុកវិញ គឺកង់២០០រៀល ម៉ូតូ៣០០រៀល និងរថយន្ត៥០0រៀល៕