(ភ្នំពេញ)៖ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្មករ-និយោជិតនៅក្នុងប្រទេសកម្ពុជាទាំងអស់ មិនថាតែក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងនោះទេ គឺទទួលបានអត្ថប្រយោជន៍ដូចៗគ្នា ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសារាចររបស់ក្រសួងសេដ្ឋកិច្ចវត្ថុ ស្តីពីការអនុវត្តកាតព្វកិច្ច កាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម ដែលទើបដាក់ចេញឲ្យអនុវត្តន៍ កាលពីពេលថ្មីៗនេះ។
ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលចំណូលពន្ធ ប្រចាំខែកញ្ញា និង ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ និងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។
សារាចរ របស់លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ ប្រាក់ឧបត្ថម្ភមួយចំនួន ដែលកម្មករនិយោជិត ទទួលបានពីការបំពេញការងារ ត្រូវបានអនុគ្រោះដោយមិនគិតបញ្ចូល ទៅក្នុងមូលដ្ឋានគិតពន្ធ លើប្រាក់បៀវត្សរ៍ និងមិនមែនជាកម្មវត្ថុនៃពន្ធលើអត្ថប្រយោជន៍បន្ថែមទេ។ ប្រាក់ឧបត្ថម្ភដែលមិនគិតបញ្ចូល ក្នុងមូលដ្ឋានគិតពន្ធរួមមាន៖
១-សោហ៊ុយធ្វើដំណើរ ពីទីកន្លែងស្នាក់នៅទៅទីកន្លែងធ្វើការ និងទីកន្លែងធ្វើការទៅទីកន្លែងស្នាក់ ព្រមទាំងការឧបត្ថម្ភថ្លៃស្នាក់នៅ ឬ ការផ្តល់កន្លែងស្នាក់នៅក្នុងបរិវេណទីកន្លែងធ្វើការ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ការងារ។
២-ប្រាក់ថ្លៃបាយដែលផ្តល់ឲ្យកម្មករ និយោជិត ទាំងអស់ដោយគ្មានបែងចែកតាមតួនាទី ឬមុខងារ។
៣-មូលនិធិបេឡាសន្តិសុខសង្គម ឬ មូលនិធិសុខមាលភាពសង្គម ក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់។
៤-ប្រាក់ធានារ៉ាប់រងសុខភាព ឬបុព្វលាពធានារ៉ាប់រងអាយុជីវិត ឬសុខភាពដែលផ្តល់ឲ្យដល់កម្មករនិយោជិត គ្រប់គ្នាដោយគ្មានការ បែងចែកតាមតួនាទី ឬមុខងារ។
៥-ប្រាក់ឧបត្ថម្ភទារក ឬចំណាយទារកដ្ឋាន ដែលមានចែងក្នុងបទប្បញ្ញត្តិនៃច្បាប់ការងារ
៦-ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់នៃការបញ្ឈប់លែងឲ្យធ្វើការ ក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់ការងារ។
លោក គង់ វិបុល បានបញ្ជាក់ថា តាមច្បាប់សារពើពន្ធរាល់អត្ថប្រយោជន៍បន្ថែម ទៅលើនិយោជិតទាំងអស់ គឺត្រូវជាប់ពន្ធ ប៉ុន្តែដោយសារការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន លោកបានគិតគូរជួយទៅដល់ជីវភាពនៃកម្មករ និយោជិតទាំងអស់ទូទាំងប្រទេស ទៅលើអត្ថប្រយោជន៍បន្ថែមនេះ រាជរដ្ឋាភិបាលបានសម្រេចថា រាល់ប្រាក់ឧបត្ថម្ភមួយចំនួន មិនត្រូវគិតចូលក្នុងមូលដ្ឋានគិតពន្ធ លើប្រាក់បៀរវត្សនោះឡើយហើយក៏មិនមែនជាកម្មវត្ថុ នៃពន្ធលើអត្ថប្រយោជន៍បន្ថែមនោះដែរ។
លោកសង្កត់ធ្ងន់ថា «កម្មករទាំងអស់ នៅក្នុងប្រទេសកម្ពុជា គឺទទួលបានការអនុគ្រោះទាំងអស់ ។ ជាធម្មតាប្រាក់ខែដែលត្រូវជាប់ពន្ធ គឺត្រូវមាន៨សែនរៀល (៨០ម៉ឺនរៀល) ឡើងទៅ គឺត្រូវជាប់ពន្ធហើយ។ ប្រសិនបើ៨សែនរៀលចុះគឺមិនមានការជាប់ពន្ធនោះទេ»។
សូមជម្រាបថា នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេអះអាងថា មានកម្មកនិយោជិត ដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងប្រមាណ ៧០ម៉ឺននាក់ ខណៈកម្មករ និយោជិត រាប់ម៉ឺននាក់ទៀតបម្រើការងារក្នុងវិស័យផ្សេងពីនេះ៕