(អូស្រ្តាលី)៖ នៅក្នុងដំណើទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅទីក្រុងអាដឺឡែត(Adelaide)ភាគខាងត្បូង នៃប្រទេសអូស្រ្តាលី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បងប្អូនមហាគ្រួសារខ្មែរ ដែលកំពុងរស់នៅទីក្រុងមួយនេះ ជិត៤០០នាក់ បានអញ្ជើញមកចូលរួម ក្នុងពិធីពិសារអាហារសាមគ្គី ពេលល្ងាចជាមួយ លោក ហ៊ុន ម៉ាណែត និងក្រុមការងារ។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុងអាដឹឡែត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ដែលបានទទួលនូវវត្តមានលោក ហ៊ុន ម៉ាណែត និងបានចូលរួមក្នុងពិធីពិសាអាហារ ជាមួយបងប្អូនខ្មែរដែលទាំងអស់នេះ គឺជាការសាមគ្គី និងស្រឡាញ់រាប់អានគ្នា។ នៅក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ពីសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងកិច្ចការសំខាន់ៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់រួមមាន៖ បញ្ហាដីធ្លី បញ្ហាជនអន្តោប្រវេសន៍ ការពារបូរណភាពទឹកដី និងវិស័យជាច្រើនទៀត ដែលរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ដើម្បធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរឡើង និងភាពសុខសាន្តងបស់ប្រជាពលរដ្ឋ។
ទាក់ទងនឹងវិស័យអប់រំលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសជាច្រើនដល់និស្សិត តាមរយៈកាផ្តល់អាហារូបករណ៍ក្រៅប្រទេស ហើយខិតខំសម្របសម្រួលជាមួយ នឹងបរទេស ជាក់ស្តែងដូចជា ប្រទេសអូស្រ្តាលី សិស្ស និងស្សិតកម្ពុជាបានទទួលការអប់រំនៅក្រៅប្រទេស ហើយយកចំណេះដឹងដើម្បីជួយអភិវឌ្ឍប្រទេសយើងបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនតូចកុំទាញយកការជួបជុំនេះ ទៅជាបរិយាកាសនយោបាយ ហើយបានសំណូមពរឲ្យបងប្អូនខ្មែរទាំងអស់កុំឲ្យបណ្តុះកំហឹង និងឥរិយាបថមិនសមរម្យ ត្រូវាបង្កើនស្មារតីរួបរួមសាមគ្គីជាធ្លុងក្នុងនាមយើងជាខ្មែរតែមួយ ដើម្បីជាកិត្តិយស និងមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ ។
លោកបានបញ្ជាក់ថា «ជាការពិតណាស់ យើងមានសិទ្ធសេរីភាពធ្វើបាតុកម្ម ក៏ប៉ុន្តែបាតុកម្មទាំងនេះ ហាក់ដូចជាមិនសមហេតុផល ហើយយើងធ្វើយ៉ាងណា កុំឲ្យហួសក្របខណ្ឌច្បាប់ ដើម្បីរក្សាភាពថ្លៃថ្នូ ក្នុងនាមយើងជាខ្មែរ»។
សូមបញ្ជាក់ថា នេះគឺជាគោលដៅទី៣ហើយ នៃដំណើទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសអូស្រ្តាលី ដែលគោលដៅទី១គឺទីក្រុងមែលប៊ន ទី២ទីក្រុងស៊ីដនី ទី៣នេះនៅទីក្រុងអាដឺឡែត នៃប្រទេសអូស្រ្តាលី ក្នុងគោលបំណងជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងការរួបរួមសាមគ្គីគ្នាក្នុងនាមជាជាតិខ្មែរតែមួយ។
គួរកត់សម្គាល់ថា នៅពេលរៀបចំពិធីពិសារអាហារសាមគ្គីពេលល្ងាច ជាមួយបងប្អូនមហាគ្រួសារខ្មែរ គឺមានការរំខានពីក្រុមបាតុករមួយចំនួនតូច ដែលធ្វើការប្រឆាំងតវ៉ានឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត ដែលគេស្គាល់ថា ជាសកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំង។ ជាក់ស្តែងនៅគោលដៅក្នុងទីក្រុង Adelaide នៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលីណៗនេះ មានក្រុមបាតុករមួយចំនួន ជាង១០០នាក់ ប្រឆាំងតវ៉ា នឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត ដោយប្រើឥរិយាបទ និងពាក្យសំដីមិនសមរម្យ ហើយត្រូវបានប៉ូលីសបង្គាប់ឲ្យចេញពី បរិវេណហាមឃាត់ដោយក្តីអាម៉ាសជាទីបំផុត៕