(ភ្នំពេញ)៖ ប្រធានាធិបតីទី៧ របស់ចិន គឺលោក ហ្ស៊ី ជីនពីង នឹងផ្តើមទស្សនកិច្ចជាលើកដំបូងក្នុងឋានៈជាប្រធានាធិបតី មកកាន់ប្រទេសកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ នឹងមានការចុះកិច្ចព្រមព្រៀងលើពិធីសាររហូតដល់ជាង២៨។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញចែកសញ្ញាបត្រដល់និស្សិត សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិច្ច កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
ការចុះកិច្ចព្រមព្រៀងនេះ នឹងចូលរួមបើកច្រកសម្រាប់ទំនិញកសិផលកម្ពុជានៅលើប្រទេសចិន ឲ្យបានកាន់តែច្រើនថែមទៀត។ ការចុះកិច្ចព្រមព្រៀងនេះ ក៏ត្រូវបានគេមើលឃើញថា ជាការចុះកិច្ចព្រមព្រៀងដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមកនោះឡើយ។
មុនដំណើរទស្សនកិច្ចរបស់លោក ហ្ស៊ី ជីនពីង នៅថ្ងៃស្អែកនេះ មានប្រធានាធិបតីចិនចំនួនពីររូបរួចមកហើយ ធ្លាប់បានបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងទំនាក់ទំនងការទូតរយៈពេល ៥៨ឆ្នាំកន្លងមកនេះ។ ប្រធានាធិបតីទាំងពីររូបនោះរួមមាន៖ លោកប្រធានាធិបតី ចាំង ស៊េមីង ទស្សនកិច្ចអំឡុងទសវត្សរ៍១៩៩០ និងនៅឆ្នាំ២០០០។ លោកប្រធានាធិបតី ហូ ជីងតាវ ទស្សនកិច្ចនៅឆ្នាំ២០១២។
លោក ហ្ស៊ី ជីនពីង ក៏ធ្លាប់បានមកកម្ពុជា ក្នុងឋានៈជាអនុប្រធានាធិបតីចិន កាលពីឆ្នាំ២០០៩ផងដែរ។
តើកម្ពុជា-ចិន បានផ្តើមទំនាក់ទំនងរហូតក្លាយជាទំនាក់ទំនងចាក់ទឹកមិនលិចនេះចាប់ពីពេលណា? ក្នុងទំនាក់ទំនងនេះ មានសមិទ្ធផលផ្លែផ្កាអ្វីខ្លះបានកើតមាន?
ដោយមិនរាប់បញ្ចូលពីទំនាក់ទំនងក្នុងប្រវត្តិសាស្រ្តដែល លោក ជីវ តាខ្វាន់ (ជនជាតិចិនដែលបានធ្វើដំណើរមកប្រទេសកម្ពុជា នាសតវត្សទី១៦) បង្ហាញថា អន្តោប្រវេសន៍ចិនមានវត្តមាននៅប្រទេសកម្ពុជា តាំងពីក្នុងសតវត្សរ៍ទី១៣នោះ គិតមកដល់ឆ្នាំ២០១៦នេះ កម្ពុជា-ចិន មានទំនាក់ទំនងជាផ្លូវការជាមួយគ្នារយៈពេលប្រមាណ ៥៨ឆ្នាំហើយ។
ទំនាក់ទំនងផ្លូវការកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ពោល ៥ឆ្នាំក្រោយពេលកម្ពុជា ដណ្តើមបានឯករាជពីប្រទេសបារាំង។ ទំនាក់ទំនងបានធ្វើឡើងរយៈពេលតែ ៣ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីព្រះបរមរតនកោដ្ឋ ព្រះកុរណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានជួបដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីចិន លោក ចូវ អ៉ីនឡាយ នៅក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលចូលរួមសន្និសីទមិនចូលបក្សសម្ព័ន្ធនាខែមេសា ឆ្នាំ១៩៥៥។
ចំណងទាក់ទងការទូតរយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសកម្ពុជា និងចិន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយគ្នាលើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបានសមិទ្ធផលយ៉ាងច្រើនទៀតផង ។
សម្តេច នរោត្តម សីហនុ ស្ថាបនិកទំនាក់ទំនងកម្ពុជា-ចិន គឺជាមិត្តភក្តិដ៏ស្និទ្ធស្នាលបំផុតរបស់ប្រជាជនចិន។ ថ្នាក់ដឹកនាំជំនាន់មុនៗរបស់ចិន ជាច្រើនរូបសុទ្ធតែបានរឹតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយនឹង ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដោយបានរួមវិភាគទានដែលមិនអាចបំភ្លេចបាន ក្នុងការបណ្តុះបណ្តាលបុព្វហេតុមិត្តភាពរវាងប្រទេសកម្ពុជា និងចិន។ ជាច្រើនទសវត្សរ៍កន្លងមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានប្រកាន់ខ្ជាប់នូវគោលនយោបាយរាប់អានជាមួយប្រទេសចិន ព្រមទាំងបានគង់ប្រថាប់ក្នុងប្រទេសចិនអស់រយៈពេលជាយូរផងដែរ។ បើទោះបីស្ថាបនិកទំនាក់ទំនងកម្ពុជា-ចិន ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានសោយទិវង្គតលើទឹកដីមិត្តចិន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ទៅហើយក្តី តែទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានគេលើកឡើងថា ជាទំនាក់ទំនងស្អិតល្មួតចាក់ទឹកមិនលិចនេះ នៅតែបន្តតាមព្រះរាជតម្រិះរបស់សម្តេច សីហនុ តរៀងមក។
សូមរំលឹកថា រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ១៩៩៧ ជាពិសេសក្រោយពេលមានដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលប្រសិទ្ធនាមថាបុរសខ្លាំងកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ១៩៩៩។
ផ្តើមចេញពីដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បានក្លាយជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសចិន។ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-ចិន តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាញឹកញាប់។ នៅខែធ្នូ ឆ្នាំ២០១០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយប្រទេសទាំងពីរ បានបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ការប្រាស្រ័យទាក់ទងគ្នាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរលើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក រួមគ្នាគាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន និងអាស៊ាន ព្រមទាំងសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។
តាមរយៈទំនាក់ទំនងជាងកន្លះសតវត្សរ៍នេះ ប្រទេសទាំងពីរកម្ពុជា-ចិន ទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគីមានដល់ទៅ ៤,៣២០លានដុល្លារអាមេរិក។ នៅឆមាសទី១ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានដល់ទៅ ២,៣៤០ លានដុល្លារអាមេរិក កើនឡើង ១០.២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅឆ្នាំទៅមិញ។ ប្រទេសទាំងពីរមានជំនឿចិត្តថា នឹងសម្រេចគោលដៅដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥,០០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។ គិតរហូតដល់ខែមិថុនា ឆ្នាំ២០១៦ ប្រាក់វិនិយោគទុនដោយផ្ទាល់របស់ប្រទេសចិននៅកម្ពុជាសរុបលើសពី ១២,០០០ លានដុល្លារអាមេរិក។
ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរ ត្រូវពង្រីកដោយឥតឈប់ឈរ។ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរចិន ដែលទេសចរណ៍នៅកម្ពុជាមានដល់ទៅជាង ៤៤ម៉ឺននាក់ កើនឡើង ១២.៤% បើប្រៀបធៀបដំណាក់កាលដូចគ្នានៅឆ្នាំ២០១៥។ ជារៀងរាល់ថ្ងៃមានជើងយន្តហោះចំនួន៣៥ ធ្វើការហោះហើរទៅមករវាងប្រទេសចិន និងកម្ពុជា ហើយក្នុងនោះមានទីក្រុងរបស់ប្រទេសចិនជាង១០ ដែលមានជើងហោះហើរមកកាន់កម្ពុជាដោយផ្ទាល់។
ក្នុងទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលចិន បានផ្តល់ប្រាក់កម្ចីសាងសង់ស្ពានឆ្លងកាត់តន្លេសរុបចំនួន ៧ខ្សែរួមមាន៖ ស្ពានស្ពានកោះធំ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានតាខ្មៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រៅការផ្តល់កម្ចីសាងសង់ស្ពានឆ្លងកាត់ទន្លេទៅ រដ្ឋាភិបាលចិន បានផ្តល់កម្ចីជួយសាងសង់ផ្លូវនៅកម្ពុជារួចរាល់បានប្រវែងជិត ២ពាន់គីឡូម៉ែត្រ និងកំពុងសាងសង់ជិត ៧រយគីឡូម៉ែត្រ និងត្រៀមសាងសង់មួយចំនួនទៀត។
ផ្តើមចេញពីទំនាក់ទំនងនេះ ក្នុងជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយប្រមាណ ៦០០លានដុល្លារ សម្រាប់អភិវឌ្ឍន៍នៅកម្ពុជាក្នុងរយៈពេល ៣ឆ្នាំ។
ដំណើរទស្សនកិច្ចរបស់លោក ហ្ស៊ី ជីនពីង នៅកម្ពុជា នាថ្ងៃស្អែកនេះ ត្រូវបានគេចាត់ទុកថា ជាដំណើរទស្សនកិច្ចមានសារៈសំខាន់ និងបង្ហាញឲ្យឃើញពីភាពស្អិតល្មួតកាន់តែខ្លាំងថែមទៀតរវាងកម្ពុជា និងចិន ព្រមទាំងជាដំណើរទស្សនកិច្ចដែលនឹងអាចជំរុញកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ មានភាពកាន់តែស៊ីជម្រៅ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោក ហ្ស៊ី ជីនពីង នឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងអញ្ជើញសួរសុខទុក្ខ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ព្រមទាំងជួបធ្វើកិច្ចសន្ទនាជាមួយនឹង សម្តេចតេជោ ហ៊ុន សែន និងចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងន័យជំរុញឲ្យយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងចិន តភ្ជាប់គ្នាយ៉ាងរឹងមាំ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យកាន់តែមានភាពស៊ីជម្រៅ ហើយទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕