Update: មនុស្សស្លាប់កើនឡើងដល់ ៣៦នាក់ ដោយសារខ្យល់ព្យុះ Hurricane Matthew វាយប្រហារ សហរដ្ឋអាមេរិក
12-10-2016 15:20
(វ៉ាស៊ីនតោន)៖ ខ្យល់ព្យុះ Hurricane Matthew ដែលបានសម្លាប់មនុស្សជាងមួយពាន់នាក់ នៅប្រទេសហៃទីនោះ ឥឡូវនេះវាបានឆក់យកជីវិតប្រជាជនអាមេរិកកើនដល់ ៣៦នាក់ នៅតាម បណ្តារដ្ឋចំនួនប្រាំ នៃភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយទូរទស្សន៍ NBC នារសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។
លោក Pat McCrory អភិបាលរដ្ឋ North Carolina បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន ៣៦នាក់ បានស្លាប់បាត់បង់ជិវិតដោយសារតែ ខ្យល់ព្យុះកំណាច Hurricane Matthew នៅតាម បណ្តារដ្ឋ ដែលស្ថិតនៅភាគអាគ្នេយ៍ សហរដ្ឋអាមេរិក ក្នុងនោះមនុស្សចំនួន ១៧នាក់បានស្លាប់នៅក្នុង រដ្ឋ North Carolina ហើយលោក McCrory ក៏បានចេញសារព្រមានផងដែរថា ទឹកជំនន់ដែលបាន និងកំពុងគំរាមកំហែងដល់អាយុជីវិតនេះ នឹងនៅតែបន្តកើនឡើងបន្ថែមទៀត ដូច្នេះហើយប្រជាពលរដ្ឋ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច។
គួរបញ្ជាក់ថា នៅតាមរដ្ឋភាគអាគ្នេយ៍ចំនួនបួនផ្សេងទៀតដូចជា រដ្ឋ Florida មានមនុស្សស្លាប់ចំនួន ១២នាក់, រដ្ឋ South Carolina មាន ៣នាក់, រដ្ឋ Georgia មាន ៣នាក់, និងរដ្ឋ Virginia មាន ១នាក់៕