(ស្វាយរៀង)៖ ដោយសារតែការធ្លាក់ភ្លៀងបានកើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជាបន្ដបន្ទាប់បានធ្វើឲ្យ ផ្ទះប្រជាពលរដ្ឋជាង៨០០ខ្នង នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវជន់លិច ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ យ៉ាងខ្លាំង ដូចជាផ្លូវថ្នល់ ជាដើម។
ដើម្បីជួយអន្ដរាគមន៍ គ្រោះធម្មជាតិមួយនេះ កុំឲ្យបន្ដកើនឡើង គួរឲ្យព្រួយបារម្មណ៍នោះ នៅវេលាម៉ោង២ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានដឹកនាំកម្លាំងទូទាំងខេត្ត រួមមានកងកម្លាំងប្រដាប់អាវុធ មន្ដ្រីតាមមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការចូលរួម ពីប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចុះទៅលើកដី ទប់ស្កាត់ នៅចំណុចស្ពានពោធីតាហោ ដើម្បីកុំឲ្យទឹក បន្ដហូរកាត់ផ្លូវ នឹងបុកចូលក្រុងស្វាយរៀង កាន់តែខ្លាំងឡើងនោះ។
មន្ដ្រីសាលាខេត្តស្វាយរៀង បានបញ្ជាក់ថា សម្រាប់គ្រោះទឹកជំនន់ ដែលបណ្ដាលមកពីទឹកភ្លៀងនេះ មិនទាន់មានព័ត៌មានពីការប៉ះពាល់ ដល់អាយុជីវិត របស់ប្រជាពលរដ្ឋ ណាម្នាក់នោះទេ ពោលបានប៉ះពាល់លើផ្ទះសំបែង និងទ្រព្យសម្បត្តិក្នុងផ្ទះ ជាច្រើនផងដែរ។
សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ ប្រជាពលរដ្ឋខាងលើនេះ លោកវសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរងអាវុធហត្ថខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការ ក៏បានដឹកនាំកម្លាំងអាវុធហត្ថខេត្តចំនួន៥២ផងដែរ ចូលរួមលើកទំនប់ទប់ទឹក ការពារផ្លូវទំនប់បង្ហៀក្នុង សង្កាត់ពោធិ៍តាហោ៕