(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មទៅនឹងការលើកឡើងរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបាននិយាយសម្តៅថា ការអវត្តមានរូបគាត់នៅពេលបោះឆ្នោតខាងមុខនេះ នឹងធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតមិនអាចទទួលយកបាន។ លោក ផៃ ស៊ីផាន បានចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៊ី ជាការយល់ខុស ខណៈដែលលទ្ធិប្រជាធិបតេយ្យកម្ពុជាមានការចាក់ស្រេះ ហើយការរៀបចំការបោះឆ្នោតដំណើរការធម្មតា។
លោក ផៃ ស៊ីផាន បានលើកឡើងថា «គាត់ថា ការបោះឆ្នោតហ្នឹងមិនអាចយកជាការបាន ដោយសារមិនមានវត្តមានរបស់គាត់ គឺគាត់និយាយខុសហើយ គឺនៅកម្ពុជាមានគណបក្សនយោបាយជាង២០រួចទៅហើយ ដូច្នេះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ស្រេះ ដែលបានចាប់ផ្តើម២០ឆ្នាំកន្លងមកហើយ គឺមិនមែនស្ថិតនៅលើបុគ្គលណាម្នាក់ ដែលឱ្យតម្លៃលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ ប៉ុន្តែគឺឈរលើរដ្ឋធម្មនុញ្ញ ឈរលើច្បាប់បោះឆ្នោត»។
ប្រតិកម្មរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានបង្ហោះនៅលើទំព័រ Facebook របស់លោកនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។ លោក សម រង្ស៊ី បានលើកឡើងថា មានតែប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនៅលោកខាងលិចទេ ដែលអាចជួយប្រទេសកម្ពុជាបាន ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ លោក សម រង្ស៊ី លើកឡើងថា «បើការបោះឆ្នោតខាងមុខនៅប្រទេសកម្ពុជា មិនត្រឹមត្រូវទេ ហើយមិនត្រូវបានអន្តរជាតិ ទទួលស្គាល់ទេ ពេលនោះរដ្ឋាភិបាលណា ដែលកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវនោះ ក៏អន្តរជាតិមិនទទួលស្គាល់ថា ជារដ្ឋាភិបាលស្របច្បាប់ដែរ។ សម្រាប់ប្រទេសកម្ពុជា រដ្ឋាភិបាលដឹកនាំដោយគណបក្សណាក៏ដោយ មិនអាចដំណើរការបានទេ បើមិនមានភាពស្របច្បាប់ នៅចំពោះមុខអន្តរជាតិ»។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា «ការបោះឆ្នោត និងយន្តការនៃការបោះឆ្នោត, លទ្ធផលនៃការឆ្នោត គឺជាផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរសុទ្ធសាធ មិនមែនជាផលប្រយោជន៍នរណាមួយ ឬក៏យកទៅផ្គាប់ផ្គន់បរទេសនោះឡើយ។ កន្លងមកលទ្ធផលនៃការបោះឆ្នោតទោះបីជា សម រង្ស៊ី ចូលរួម ឬមិនចូលរួម ឬក៏ប្រឆាំងនឹងការបោះឆ្នោតដែលជាឆន្ទៈរបស់មហាជន ដោយឡែកប្រទេសដទៃទៀត តែងតែគាំទ្រនូវសេចក្តីសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលគេមិនប្រើនិន្នាការលូកលាន់ឬជ្រៀតជ្រែក ឬក៏ឆក់ប្លន់នៃលទ្ធផលនៃការបោះឆ្នោតដែលកើតចេញពីឆន្ទៈជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កំពុងប្រឈមនឹងការបាត់បង់សិទ្ធិ ក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៧ និង២០១៨ ដោយសារតែលោកបានក្លាយ ទៅជាទណ្ឌិត ក្នុងរឿងបរិហារកេរ្តិ៍ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រួមទាំងកំពុងពាក់ព័ន្ធនឹងបណ្តឹងជាច្រើនទៀត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសម្តងហើយម្តងទៀតថា លើកនេះ សម្តេចនឹងមិនចុះហត្ថលេខា ស្នើលើកលែងទោសដល់ លោក សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេសនោះឡើយ។
លោក ផៃ ស៊ីផាន បានជឿជាក់ថា ពេលនេះលោក សម រង្ស៊ី កំពុងអូសទាញប្រទេសមហាអំណាចទាំងនោះ ដើម្បីឱ្យលោកអាចចូលរួមការ បោះឆ្នោតដោយមិនអនុវត្តទោស។ លោកថា «លោក សម រង្ស៊ី ហាក់បីដូចជាចង់អូសប្រទេសកម្ពុជា ឱ្យក្លាយទៅជាចំណាប់ខ្មាំង ឆ្លើយតបនឹងការអវត្តមានរបស់គាត់ នៅក្នុងប្រទេសកម្ពុជាដោយសារតែគាត់ជាទណ្ឌិត ដែលមិនហ៊ានចូលកម្ពុជា។ គាត់ចង់អូសទាញមហាអំណាច មហាមិត្តទាំងអស់ហ្នឹង ឱ្យក្លាយជាចំណាប់ខ្មាំងដើម្បីនាំគាត់ឱ្យចូលរួមក្នុងការបោះឆ្នោត»៕