(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ ចូលរួមសម្ពោធអាគាសិក្សាថ្មីមួយខ្នង ដែលបានកសាងដោយ កងវិស្វកម្មកងទព័ជើងគោកអាមេរិកតាមរយៈលោកស្រី JULY CHUNG អនុប្រធានបេសកម្ម អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលបានផ្តល់ជូនសាលារស្មីសាមគ្គី ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលតម្លៃនៃការសាងសង់អាគារសិក្សាមួយនេះអស់ជាង៥០ម៉ឺនដុល្លារ។
លោកស្រី JULY CHUNG បានឲ្យដឹងថា អាគារសិក្សាដែលបានផ្តល់ជូន តាមរយៈទាហ៊ានវិស្វកម្មសហរដ្ឋអាមេរិកនាថ្ងៃនេះ មាន១៤បន្ទប់ ក្នុងនោះថ្នាក់រៀន១២បន្ទប់ បន្ទប់គ្រូ២បន្ទប់ បន្ទប់ទឹក១ខ្នង ៧បន្ទប់ ក្នុងនោះមានឃ្លាំងសម្រាប់ដាក់សម្ភារ១បន្ទប់ អាងទឹក១ ទំហំ៥០ម៉ែត្រគូប ប្រពន្ធ័ការពាររន្ទះ ប្រព័ន្ធសូឡាមាន៤បន្ទះ ដែលអាចផ្តល់ថាមពលបាន៣១,៣៦KWH ទីធ្លាដងទង់ជាតិ មានបន្ទប់សម្រាប់(ជនពិការ)ផងដែរ។
ក្នុងឱកាសនោះដែរ លោក វ៉ី សំណាង តំណាងឲ្យពលរដ្ឋក្នុងខេត្តទាំងមូល បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋអាមេរិក កងទាហ៊ានវិស្វកម្មអាមេរិក ជាពិសេសតាមរយៈលោកស្រី JULY CHUNG អនុប្រធានបេសកម្ម អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលបានធ្វើអំណោយ ដ៏ពិសេសសម្រាប់កូនចៅ បងប្អូន ប្រជាពលរដ្ឋនៅទីនេះ។
លោកអភិបាលខេត្ត បន្ដថា «មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិក បានចូលរួមយ៉ាងសកម្មរួមចំណែក ដល់វិស័យអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ ក្នុងនាមយើង ជាអ្នកទទួលបាននៅអំណោយនេះ ត្រូវនាំគ្នាថែរក្សា សមិទ្ធិផលទាំងនេះ ឲ្យបានគង់វង្សយូអង្វែង ជាពិសេសសម្រាប់ កូនចៅជំនាន់ក្រោយ រួមទាំងការចងចាំមិត្តភាពយូអង្វែងរបស់ប្រជាជន កងទ័ព ស្ថានទូត សហរដ្ឋអាមេរិក ទៅថ្ងៃអនាគត ផងនោះដែរ៕