(ប៉ៃលិន)៖ សពប្រពន្ធនាយរងប៉ុស្ដិ៍នគរបាល សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិនម្នាក់ ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញ ដេកស្លាប់ក្នុង ថ្លុកឈាម យ៉ាងអាណោចអាធ័ម ក្នុងទឹកប្រឡាយក្បែរជើងភ្នំយ៉ាត ភាគនិរតី ស្ថិតក្នុងភូមិអូតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។
សពស្រ្តីរងគ្រោះខាងលើ មានឈ្មោះ កូវ ស៊ីវហេង អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវជា ប្រពន្ធរបស់ឈ្មោះ ទូច ជិនលី ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូតាវ៉ៅ។
តាមការពិនិត្យដំបូងនៅកន្លែងកើតហេតុ កម្លាំងនគរបាលបានរកឃើញម៉ូតូ១គ្រឿង ម៉ាក Smash Rivo ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1.1081 បានធ្លាក់ចូលក្នុងជង្ហុកមួយយ៉ាងធំ ចំកណ្ដាលផ្លូវ ហើយឃើញមានដុំថ្មជាច្រើនដុំ ប្រឡាក់ដោយឈាម ធ្លាក់នៅ រាយប៉ាយពីចំណុចជង្ហុកម៉ូតូធ្លាក់ មកដល់ចំណុចដែលសាកសពស្ថិតនៅ ចំងាយ២០ម៉ែត្រពីគ្នា។
សូមជម្រាបថា ករណីហេតុការណ៍ដ៏ឃោឃៅនេះ ត្រូវកម្លាំងនគរបាលមូលដ្ឋានបាន និងកំពុងមមាញឹក ដុតដៃដុតជើងស្វែងរកមុខជនបង្ក ដើម្បីចាប់យកទៅផ្តន្ទាទោសតាមច្បាប់៕