(ស្ទឹងត្រែង)៖ កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចុះបង្ក្រាបការលក់ដូរសាច់សត្វព្រៃ នៅក្នុងផ្សារបានជាង ៣០គីឡូក្រាម នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃ១២ ខែតុលា ឆ្នាំ២០១៦។ ប៉ុន្តែសម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចាប់មិនបានខ្លួន ជនល្មើសនោះទេ ដោយជនល្មើស បានរត់គេចខ្លួនបាត់។
មន្ត្រីអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត បានប្រាប់ឲ្យដឹងថា សត្វព្រៃដែលបង្ក្រាប និងរឹបអូសបាននៅពេលនេះ មានពីរប្រភេទ គឺសាច់ជ្រូកព្រៃស្រស់ចំនួន១១គីឡូក្រាម សាច់ឈ្លូសស្រស់ ២០គីឡូក្រាមកន្លះ សរុបស្មើនិង៣១គីឡូក្រាមកន្លះ។ លោកដដែលបានបញ្ជាក់ថា សាច់សត្វស្រស់ព្រៃដែលបង្ក្រាបនោះ ត្រូវបាននាំយកទៅដុតកម្ទេចចោល នៅថ្នាលបណ្តុះកូនឈើអូរពងមាន់។
មន្រ្តីរូបនេះ បានលើកឡើងថា សត្វព្រៃគ្រប់ប្រភេទនៅប្រទេសកម្ពុជា ជាពិសេសប្រភេទសត្វកម្រ បាននិងកំពុងឈានទៅរក ការបាត់បង់អស់ហើយ ដោយសារតែការបរបាញ់ និងគ្មានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព។
ពួកគេសង្ឃឹមថា អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធជាពិសេសមន្ត្រីព្រៃឈើ នៅថ្នាក់មូលដ្ឋាន ចូលរួមសហការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជំនួញសត្វព្រៃនេះ ឲ្យបានសកម្មបំផុតដើម្បីរក្សាការពារ ពូជសត្វព្រៃប្រភេទកម្រ ឲ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕