(ភ្នំពេញ)៖ ក្រុមហ៊ុន អេស ស៊ី ជី ដែលជាសាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ាន បន្តចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តួយ៉ាង កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធី «អ្នកដឹកនាំវ័យក្មេង អេស ស៊ី ជី» ដែលសំដៅអភិវឌ្ឍ និងលើកកម្ពស់ជំនាញភាពជាអ្នកដឹកនាំ​ដល់និស្សិតសាកលវិទ្យាល័យកម្ពុជា ។

នេះជាឆ្នាំទីបីហើយ ដែលកម្មវិធី «អ្នកដឹកនាំវ័យក្មេង អេស ស៊ី ជី» ត្រូវបានរៀបចំនៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំនេះ និស្សិតសាកលវិទ្យាល័យឆ្នើមៗជាច្រើន​សិបនាក់ ត្រូវបានសម្រិតសម្រាំងជ្រើសរើសអោយចូលរួមសិក្ខាសាលាបណ្តុះជំនាញភាពជាអ្នកដឹកនាំរយៈពេលមួយថ្ងៃពេញ ដែលរៀបចំឡើង​នៅរាជធានីភ្នំពេញ ។

តំណាងក្រុមហ៊ុន អេស ស៊ី ជី បានឲ្យដឹងថា កម្មវិធីដែលយើងរៀបចំនេះ ទទួលបានជោគជ័យយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ហើយយើងឃើញថា និស្សិតទទួលបានការលើកទឹកចិត្ត ខណៈស្វែងយល់ពីជំនាញភាពជាអ្នកដឹកនាំ និងការសហការជាក្រុម តាមរយៈសកម្មភាព និងបទបង្ហាញដែលយើងបានរៀបចំឡើងដោយហ្មត់ចត់ ដើម្បីបណ្តុះបណ្តាលពួកគាត់ ។ យើងសង្ឃឹមថា កម្មវិធីរបស់យើងនឹងជួយអោយនិស្សិត ដែលជាទំពាំងស្នងឬស្សីទាំងនេះ ក្លាយទៅជាធនធានមនុស្សល្អ និងរួមចំណែកអភិវឌ្ឍសង្គម និងសហគមរបស់ពួកគាត់ »។
 
ក្នុងកម្មវិធីបណ្តុះបណ្តាលនេះ និស្សិតទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា មេរៀនសិក្សាអំពីឥរិយាបទអ្នកដឹកនាំ ការបណ្តុះជំនាញធ្វើការងារជាក្រុម ស្វែងរកសក្តានុពលផ្ទាល់ខ្លួនរបស់ពួកគេ និងឱកាសស្គាល់មិត្តភ័ក្តិថ្មីៗ ភ្ជាប់ទំនាក់ទំនងជាមួយនិស្សិតដ៏ទៃទៀត ក៏ដូចជាទទួលព័ត៌មានអំពី​ឱកាសកម្មសិក្សាអន្តរជាតិទៅប្រទេសថៃ របស់ អេស ស៊ី ជី ផងដែរ ។

ប្អូនស្រី ប៉ូ ច័ន្ទណាក់ ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលបានចូលរួមក្នុងកម្មវិធីនេះជាលើកដំបូង ហើយប្អូនស្រីបាននិយាយថា “វគ្គដែលខ្ញុំចូលចិត្តជាងគេ ក្នុងកម្មវិធីបណ្តុះបណ្តាលនេះ គឺវគ្គអំពីជំនាញភាពជាអ្នកដឹកនាំ និងស្វែងយល់អត្តចរិតមនុស្ស ដើម្បីក្លាយជាអ្នកដឹកនាំល្អមួយរូប យើងត្រូវយល់ពី មនុស្សជុំវិញខ្លួនយើង និងវិធីសាស្រ្តទំនាក់ទំនងដែលជួយជំរុញឲ្យពួកគាត់បំពេញការងារបានយ៉ាងមានប្រសិទ្ធិភាព ហើយ ជំនាញដែលខ្ញុំបានរៀន​នៅថ្ងៃនេះ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីអភិវឌ្ឍខ្លួនខ្ញុំ ទាំងនៅពេលឥឡូវនេះ និងសម្រាប់ទៅអនាគត ។

កញ្ញា បានបន្ដថា កម្មវិធីនេះផ្តល់ឱ្យពួកគាត់នូវជំនាញដែលអាចមិនមានបង្រៀននៅសាលា គឺជំនាញភាពជាអ្នកដឹកនាំ ជំនាញប្រាស័យទាក់ទង ដែលពួកគាត់ត្រូវការដើម្បីបំពេញការងារជាមួយអ្នកដ៏ទៃប្រកបដោយប្រសិទ្ធិភាព ។ «ខ្ញុំណែនាំឲ្យនិស្សិតទាំងអស់ ដាក់ពាក្យចូលរួមកម្មវិធីនេះ នៅឆ្នាំក្រោយៗទៀត ព្រោះ វាជាឱកាសល្អក្នុងការរៀនជំនាញថ្មីមួយ បង្កើតចំណងមិត្ដភាពថ្មីៗ និងស្វែងយល់ពីឱកាសការងារជាមួយ អេស ស៊ី ជី ទៀតផង »៕