(សៀមរាប)៖ ក្រោមការណែនាំផ្ទាល់ពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននឹងកំពុងបន្តយុទ្ធនាការចុះត្រួត ពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែង នៅថ្ងៃទី១២ ខែតុលាឆ្នាំ២០១៦នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរមូលដ្ឋាន បានបន្តចុះពិនិត្យ ផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារកំពង់ឈើទាល ភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ។
មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានឲ្យដឹងថា ការចុះពិនិត្យរកទំនិញខូចគុណភាព នៅក្នុងផ្សារឈើទាលនេះ មន្ដ្រីជំនាញរកឃើញ សារធាតុហាមឃាត់ និងបានដកហូត ជាច្រើនដូចជា ទឹកដោះគោក្រហម ម៉ាក THAI-JANISH ៨ប្រអប់ ផលិតផលថៃ, ប៊ឺ ម៉ាក Bat Foods ២៥ក្រាម ១កំប៉ុង, ប៊ឺ ម៉ាក MARGARING ៨គីឡូក្រាម ៤ដុំ ផលិតនៅវៀតណាម, ទឹកក្រូចម៉ាក Coca Cola ចំណុះ ១.២៥លីត្រ ចំនួន៣ដប ផលិតនៅខ្មែរ, ដុំម្ស៉ៅ Borax ចំនួន៨គីឡូក្រាម, ឡេលាបស្បែកធ្វើឲ្យស ៣០០ក្រាម ចំនួន១៦កំប៉ុង និង២០០ក្រាម ចំនួន២៤កំប៉ុង ដើម្បីយកទៅដុតកម្ទេចចោល។
ក្នុងឱកាសនោះដែរ មន្ដ្រីជំនាញក៏បាន ចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ផងដែរ។
ជាមួយគ្នានេះ លោកប្រធាន សាខាកាំកុងត្រូល បានសំណូមពរ ដល់អាជីវករ ទាំងអស់ សូមកុំខឹងមន្រ្តីរបស់លោក ដែលចុះទៅពិនិត្យ និងដកហូតទំនិញ ខូចគុណភាព ទាំងនោះព្រោះថា បើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលទទួលទាន ហើយខូចសុខភាពនោះទេ ហើយលោកបាន អំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕