(ក្រចេះ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានជម្រុញមន្រ្តីរាជការ អាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានក្នុងខេត្តក្រចេះ ត្រូវពង្រឹងសមត្ថភាព ក្នុងការងារដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់មុខសញ្ញា ដោយសហការជាមួយរដ្ឋបាលខេត្តក្រចេះ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តក្រចេះ។
ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហាវិវាទការងារ ទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នាសាលមហោស្រពខេត្តក្រចេះ។ ក្នុងពិធីនេះដែរ ក៏មានវត្តមានចូលរួមពី លោកអភិបាលរងខេត្តក្រចេះ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងមេបញ្ជាការបញ្ជាការងកងកម្លាំងទាំង ៣អង្គភាព។
ថ្លែងទៅកាន់អង្គសិក្ខាសាលា លោក ពេជ សោភ័ន បានលើកឡើងថា ការរៀបចំវគ្គបណ្ដុះបណ្ដាលឲ្យចេញជារូបរាង្គនោះឡើង គឺសំដៅពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការរវាងក្រសួងការងារ ជាមួយនិងមន្ត្រីអាជ្ញាធរខេត្ត ជាពិសេសដើម្បីពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកការងារដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមភូមិសាស្ដ្ររបស់ខ្លួន។
លោករដ្ឋលេខាធិការបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដោយផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ។
ក្នុងន័យនេះដើម្បីផ្សាភ្ជាប់ទៅនឹងកម្មវិធីស៊ីជម្រៅ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ និងបណ្ឌុះបណ្ដាលវិជ្ជាជីវៈ រយៈពេល៥ឆ្នាំ ដោយប្រមូលផ្ដុំលើអាទិភាព៥ រួមមាន៖ ១.ការអភិវឌ្ឍលក្ខខ័ណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជិវៈ, ២.ការអភិវឌ្ឍអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ៣.ការអភិវឌ្ឍមុខរបរ និងការងារ, ៤.ការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារ និងទី៥.ការពង្រឹងអភិបាលកិច្ចល្អ។
លោក ពេជ សោភ័ន បានបញ្ជាក់ទៀតថា ការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហាវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនេះ គឺស្របនឹងស្ថានការណ៍បច្ចុប្បន្ន ហើយមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ទប់ស្កាត់ អន្តរាគមន៍ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា៕