(ភ្នំពេញ)៖ ជាការឆ្លើយតបនឹងសំណើ របស់រាជរដ្ឋាភិបាលកម្ពុជា JICA បានជួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកសាងផែនការ មេដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំគោលដៅ២០៣៥។ ជាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងអង្គការ JICA បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សា ស្តីពីគម្រោងសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការពង្រឹងសមត្ថភាព ដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈ នៅរាជធានីភ្នំពេញ និងការសិក្សាអង្កេតបឋមលើកទី២ សម្រាប់ គម្រោងការពារទឹកជំនន់ ព្រមទាំងកែលំអរ ប្រព័ន្ឋលូ ប្រឡាយ ក្នុងជំហ៊ានទី៤។
លោក Adachi Itsu ប្រធាន JICA ប្រចាំកម្ពុជា បានថ្លែងថា «ដើម្បីចូលរួមដោះស្រាយ បញ្ហាដ៏លំបាក ជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA បានសម្រេចផ្តល់ជាគម្រោង ហិរញ្ញប្បទានឥតសំណង សម្រាប់ការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុង នៅរាជធានីភ្នំពេញ ដោយឡែកប្រព័ន្ឋប្រឡាយ លូ ក៏ជាបញ្ហាចម្បងមួយ ផ្សេងទៀត ដែលប្រជាជនរស់នៅទីក្រុង កំពុងប្រឈម ហើយដើម្បីចូលរួមដោះស្រាយបញ្ហានេះ JICA បានជួយរដ្ឋបាលរាជធានីភ្នំពេញ តាំងពីឆ្នាំ ១៩៩៨ ហើយយើងពិតជារីករាយណាស់ ដែលបានដឹងថា ស្ថានភាពទឹកជំនន់ នៅតំបន់ដែលយើងជួយកន្លងមក មានភាពប្រសើរ ជាងមុន»។
ជាការឆ្លើយតប លោក ប៉ា សុជាតិវង្ស បានថ្លែងអំណរគុណរាជរដ្ឋាភិបាលជប៉ុន និងប្រជាជន តាមរយៈទីភ្នាក់ងារ JICA ដែលបានផ្តល់ ជំនួយទាំងស្មារតី សម្ភារបច្ខេកទេស ដល់ប្រជាជនកម្ពុជា ពិសេសអ្នករស់នៅទីក្រុងភ្នំពេញ ហើយលោកសង្ឃឹមថា ពលរដ្ឋកម្ពុជានឹងទទួល បាននូវ អត្ថប្រយោជន៍ជាច្រើន ពីសេវាកម្មរថយន្តក្រុង ដែលប្រកបដោយបរិស្ថានល្អប្រសើរ ជាពិសេស គឺការកាត់បន្ថយការកកស្ទះ ចរាចរណ៍ នៅក្នុងទីក្រុង។
បន្ថែមពីនេះ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ប្រព័ន្ធសេវាដឹកជញ្ជូន នៃរដ្ឋាករស្វ័យត សេវាសាធារណៈរបស់រាជធានីនេះគឺធ្វើ ឡើងក្នុងការជួយសំរួលទៅដល់ការ កាត់បន្ថយការប្រើប្រាស់សេវាឯកជន នៅក្នុងក្រុងមិនទាន់រហូតដល់ឈានធ្វើអាជីវកម្មនៅឡើយ ពិសេសគឺការជួយទៅដល់សង្គម ក្នុងនោះមាន៤ប្រភេទ ក្នុងការជួយសំរួលមនុស្សចាស់ ជនពិការ ព្រះសង្ឃ សិស្សនុសិស្ស។
លោកអភិបាលរាជធានី បន្ដថា រហូតដល់ពេលនេះ រដ្ឋាករស្វ័យត សេវាធាដឹកជញ្ជូនសាធារណៈ សាលារាជធានី បានសហការជាមួយ ក្រុមហ៊ុនវីង ដើម្បីធ្វើកាតឆូត ដោយមិនបាច់មានអ្នកចាំលក់សំបុត្រ ពិសេសស្រួលដល់អ្នកធ្វើដំណើរ និងគ្រប់គ្រងការចំណាយទៅលើ បុគ្គលិក បានយ៉ាងល្អ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ នៅរាជធានីភ្នំពេញ មានសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែ ដោយខ្សែរត់ទី១ ចេញពីម្តុំឬស្សីកែវ ត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្តក្តីតាកុយតាមផ្លូវជាតិលេខ១ រីឯខ្សែទី២ ចេញពីផ្សាររាត្រី ទៅដល់ក្រុងតាខ្មៅខេត្តកណ្តាល ចំណែកខ្សែទី៣ ចេញពីផ្សាររាត្រីឆ្ពោះទៅរង្វង់មូលចោមចៅ ហើយរថយន្តក្រុងទាំង៣ខ្សែនេះ ប្រើប្រាស់រថយន្ត៥៧គ្រឿង ជាមួយចំណតរង់ចាំ១៦៨កន្លែង៕