(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានលើកឡើងពីការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី លោក ស៊ី ជិនពីង នឹងជាឈ្នាន់ដ៏រឹងមាំមួយ ជំរុញទំនាក់ទំនងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើង និងឈានដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុខមក ក្នុងដំណាក់កាលថ្មីនេះ។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង សម្ដេចពញាចក្រី ហេង សំរិន ជាមួយលោក ជាំង ប៉ូ (XIONG BO) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ នាវិមានរដ្ឋសភា ប្រកបដោយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។
ក្នុងឱកាសនោះ សម្ដេច ហេង សំរិន បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តជំរុញលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
សម្ដេចប្រធានរដ្ឋសភា បានស្នើឱ្យលោក ជាំង ប៉ូ ត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័ននានារបស់កម្ពុជា សំដៅធ្វើយ៉ាងណា ដើម្បីឈានទៅសម្រេចបានទិសដៅរួមរបស់ប្រទេសទាំងពីរ។
សម្ដេច ហេង សំរិន ក៏បានសម្ដែងនូវការគាំទ្របេសកកម្មរបស់ លោក ជាំង ប៉ូ ផងដែរ ក្នុងតំណែងជាឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសចិនប្រចាំកម្ពុជា ហើយសម្ដេចបានបន្ថែមថា «ទាំងរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានមោទនភាព និងក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលមានទទួលដំណឹងថា ប្រមុខដឹកនាំកំពូល លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ដែលនឹងមកទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ស្អែកនេះ»។
សម្ដេច ហេង សំរិន ក៏បានសង្ឃឹមជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី លោក ស៊ី ជិនពីង នឹងជាឈ្នាន់ដ៏រឹងមាំមួយ ជំរុញទំនាក់ទំនងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើង និងឈានដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុខមក ក្នុងដំណាក់កាលថ្មីនេះ។
ជាការឆ្លើយតប លោក ជាំង ប៉ូ បានជម្រាបពីទឹកចិត្តគោរព ស្រឡាញ់របស់ប្រជាជនចិន ចំពោះសម្ដេចប្រធានរដ្ឋសភាកម្ពុជាថា ជាអ្នកនយោបាយម្នាក់ដ៏ល្បីឈ្មោះមួយរូបរបស់កម្ពុជា ដែលបានរួមចំណែកកសាងសន្តិភាព និងការអភិវឌ្ឍជូនជាតិកម្ពុជា និងជាបុគ្គលមួយរូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងទំនាក់ទំនងកម្ពុជា-ចិន រហូតដល់បច្ចុប្បន្ន។
លោក ជាំង ប៉ូ បានបន្ថែមថា រដ្ឋាភិបាលចិន មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដោយមានការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ ដែលកាន់តែធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន ឈានដល់ដំណាក់កាលថ្មីមួយ៕