(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ Fresh News នៅមុននេះថា សាលារាជធានីភ្នំពេញ អនុញ្ញាតឱ្យគណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃ របស់លោកបណ្ឌិត កែម ឡី នៅវត្តចាស់ឡើងវិញ ពីថ្ងៃទី១៤-១៦ ខែតុលានោះហើយ ប៉ុន្តែគណៈកម្មការនេះត្រូវសហការជាមួយគ្រួសារសព រៀបចំឱ្យមានសណ្តាប់ធ្នាប់ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន និងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នោះឡើយ។
ការសម្រេចអនុញ្ញាតឱ្យគណៈកម្មការ និងគ្រួសាររៀបចំពិធីបុណ្យ១០០ថ្ងៃ របស់លោកបណ្ឌិត កែម ឡី នាពេលនេះ បានធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ បានជួបពិភាក្សាជាមួយគណៈកម្មការបុណ្យសព ដែលក្នុងនោះមាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង លោក មឿន តុលា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។
លោក មាន ចាន់យ៉ាដា បាននិយាយថា «គណៈកម្មការបុណ្យសព បានបង្ហាញអំពីភាពច្បាស់លាស់ ក្នុងការសហការជាមួយក្រុមគ្រួសារសព ដែលការរៀបចំបុណ្យ១០០ថ្ងៃនេះ ធ្វើឡើងពីថ្ងៃទី១៤-១៦ ខែតុលា ហើយធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ឡើយ ព្រោះក្នុងអំឡុងពេលនោះ មានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ថ្ងៃទី១៣-១៤ និងការគោរពវិញ្ញាក្ខន្ធព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥»។
លោកបានបញ្ជាក់ថា សាលាក្រុងពុំមានចេតនាហាមចំពោះការរៀបចំបុណ្យសព១០០ថ្ងៃរបស់ លោកបណ្ឌិត កែម ឡី នោះទេ ប៉ុន្តែការបដិសេធកន្លងមកនេះ ដោយសារតែគណៈកម្មការមិនមានភាពច្បាស់លាស់ ក្នុងការសហការជាមួយក្រុមគ្រួសារនៃសព។ ទោះជាយ៉ាងណា អាជ្ញាធរក៏បានជួយបញ្ចុះបញ្ចូលព្រះចៅអធិការវត្តចាស់ ឱ្យធ្វើការអនុញ្ញាតឡើងវិញឱ្យគណៈកម្មការបុណ្យ និងគ្រួសារ រៀបចំបុណ្យសព១០០ថ្ងៃរបស់ លោកបណ្ឌិត កែម ឡី នៅវត្តចាស់ផងដែរ។
បើតាមការប្រកាសរបស់ គណៈកម្មការបុណ្យខួបគម្រប់១០០ថ្ងៃ របស់លោកបណ្ឌិត កែម ឡី បានឱ្យដឹងថា បុណ្យខួបគម្រប់១០០ថ្ងៃ របស់លោក កែម ឡី មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០១៦ ក្នុងនោះថ្ងៃទី១ ជាការជួបជុំពុទ្ធបរិស័ទសម្តែងធម៌នៅវត្តចាស់ ថ្ងៃទី២ និមន្តព្រះសង្ឃ ៥០០អង្គរាប់បាត និងថ្ងៃទី៣ ជាការដង្ហែរូបសំណាក លោកបណ្ឌិត កែម ឡី ទៅតម្កល់នៅខេត្តតាកែវ។
លោក មាន ចាន់យ៉ាដា បានឱ្យដឹងថា ក្នុងការដង្ហែរូបសំណាក លោកបណ្ឌិត កែម ឡី នេះគណៈកម្មការបុណ្យសពបានយល់ព្រមហែរចេញពីរង្វង់មូលចោមចៅ ទៅកាន់ខេត្តតាកែវ ដោយមិនដង្ហែចេញពីវត្តចាស់នោះឡើយ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងបង្ការការកកស្ទះចរាចរណ៍៕