(គូឡាឡាំពួរ)៖ អ្នកដឹកនាំដ៏ចំណាស់នៅក្នុង ប្រទេសម៉ាឡេស៊ី ទាំង០៩រូប បានចាប់ផ្តើមកិច្ចប្រជុំមួយ ដែលមានរយៈពេលបីថ្ងៃ ដើម្បីជជែកពិភាក្សាគ្នា ក្នុងការជ្រើសរើសថា តើនរណា ដែលសក្តិសម នឹងឡើងគ្រងរាជ្យបន្ត ជាព្រះមហាក្សត្រថ្មី នៃប្រទេសម៉ាឡេស៊ី ខណៈការសោយរាជ្យ អស់រយៈពេល ប្រាំឆ្នាំ របស់ព្រះមហាក្សត្របច្ចុប្បន្នព្រះបាទ Abdul Halim Mu’adzam Shah ដែលមកពីរដ្ឋ Kedah នឹងឈានដល់ទីបញ្ចប់នៅ ចុងខែតុលា ឆ្នាំ២០១៦ នេះហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានលទ្ធិរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានឬសគល់ យ៉ាងរឹងមាំ នៅក្នុងប្រពៃណីនៃរាជ្យវង្សម៉ាឡេស៊ី ដោយរដ្ឋធម្មនុញ្ញរបស់ប្រទេស បានផ្តល់ច្បាប់ជា មូលដ្នានគ្រឹះសម្រាប់ការជ្រើសរើស អ្នកស្នងរាជ្យពិតមែន ប៉ុន្តែការប្រជុំរវាងអ្នកដឹកនាំទាំង០៩រូប ខាងលើ ពួកគេមានសិទ្ធិក្នុងសម្រេចចុងក្រោយ ដោយផ្អែកលើទំនៀមទំលាប់ ដែលមានអាយុកាល រាប់ទសវត្សរ៍មកហើយ។

អ្នកដឹកនាំប្រចាំរដ្ឋទាំង ០៩ របស់ប្រទេសម៉ាឡេស៊ី បានបង្កើតប្រព័ន្ធនៃការសោយរាជ្យរួមមួយ ដែលអនុញ្ញាតឲ្យពួកគេផ្លាស់ប្តូរវេនគ្នា រៀងរាល់រយៈពេលប្រាំឆ្នាំម្តង ដើម្បីផ្តល់ឱកាសឲ្យអ្នករាល់គ្នា អាចឡើងសោយរាជ្យ បានហោចណាស់ក្នុងម្នាក់ចំនួនមួយដងដែរ។ ទន្ទឹមគ្នានេះដែរ អ្នកដែល នឹងត្រូវឡើងសោយរាជ្យបន្ត ពីព្រះមហាក្សត្របច្ចុប្បន្ន គឺព្រះចៅសូតង់ នៃរដ្ឋ Kelantan ក៏ប៉ុន្តែ នៅមានកត្តាមួយចំនួនដែលកំពុងប្រឆាំងនឹងព្រះអង្គ ហើយប្រសិនបើព្រះអង្គត្រូវគេដកហូតសិទ្ធិនោះ ព្រះចៅស៊ូតង់នៃរដ្ឋ Pahang នឹងក្លាយជាអ្នកស្នងរាជ្យបន្ត ជំនួសវិញ។

គួរបញ្ជាក់ដែរថា ព្រះចៅស៊ូតង់នៃរដ្ឋ Kelantan បានឡើងកាន់តំណែងបន្តកាលពីឆ្នាំ២០១០ បន្ទាប់ពីបិតារបស់ព្រះអង្គ ត្រូវបានគេដកចេញដោយសារតែអសមត្ថភាព ហើយព្រះអង្គក៏ធ្លាប់បាន លែងលះមហេសីផងដែរ ដូច្នេះហើយបើយោងទៅតាមទំនៀមទំលាប់ ប្រសិនបើមានការផ្លាស់ប្តូរ អ្នកដឹកនាំនៅក្នុងរដ្ឋណាមួយដោយសារតែ ការស្លាប់ ការដកចេញ ឬ ការលាលែងចេញពីតំណែង រដ្ឋនោះនឹងស្ថិតនៅទីតាំងក្រោមគេ ក្នុងបញ្ជីអ្នកស្នងរាជ្យជាព្រះមហាក្សត្រ ហើយជាទូទៅ ព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ី គឺតំរូវឲ្យជាក្សត្រដែលមានមហេសីរួចជាស្រេចតែម្តង៕