(វ៉ាស៊ីនតោន)៖ អ្នកជំនាញអាមេរិកម្នាក់គឺលោក Evans Revere បាននិយាយថា ប្រធានាធិបតី សហរដ្ឋអាមេរិក នៅអាណត្តិក្រោយនេះ គួរតែដាក់សម្ពាធ ឬរកមធ្យោបាយណាមួយ ដែលអាចបង្ខំឱ្យ កូរ៉េខាងជើង ដើរដល់ផ្លូវទាល់ និងត្រូវជ្រើសរើសយផ្លូវ បានតែពីរប៉ុណ្ណោះ រវាងការបន្តរស់រាននៃ របបដឹកនំារបស់ខ្លួន និង ការបន្តផលិតអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងអត្ថបទព័ត៌មាននៃវិទ្យាសាស្ត្រ Brookings Institution លោក Evans Revere បានគូសបញ្ជាក់ ថា «នយោបាយអាមេរិក គួរតែផ្ដោតសំខាន់ទៅលើ ការដាក់សម្ពា ឬធ្វើយ៉ាងណាឱ្យ កូរ៉េខាងជើង ដឹងខ្លួនថានៅមាន វត្ថុមានតម្លៃជាងអាវុធនុយក្លេអ៊ែរ ដែលត្រូវថែរក្សា ហើយនេះអាចជាផ្លូវមួយ ដើម្បីបញ្ចុះបញ្ចូលឱ្យទីក្រុងព្យុងយ៉ាង ឲ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។ ជាងនេះទៅទៀត សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត គួរតែស្វែងរក មធ្យោបាយបង្ខំឱ្យកូរ៉េខាងជើង ជ្រើសរើសយកមួយក្នុងចំណោម ការបន្តរស់រាន្តនៃរបបដឹកនាំរបស់ខ្លួន និង អាវុធនុយក្លែអ៊ែរ»។ តែយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ ក៏បានអះអាងដែរថា សន្តិភាពអាចនឹងសម្រេចបាន លុះត្រាតែ កូរ៉េទំាងពីរ ព្រមត្រឡប់មករកតុចរចារវិញ ខណៈកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ និង មីស៊ីលផ្លោង របស់របបដឹកនំាទីក្រុង ព្យុងយ៉ាង កំពុងរីកចំរើនទៅមុខ។
គួររំលឹកថា ការលើកឡើងរបស់លោក Evans Revere ធ្វើឡើងនៅចំពេលអ្នកជំនាញជាច្រើន នៅសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានកិច្ចចរចាជាថ្មី ជាមួយនឹងកូរ៉េខាងជើង សំដៅទប់ស្កាត់ ការអភិវឌ្ឍកម្មវិធី នុយក្លេអ៊ែរកូរ៉េខាងជើង បន្ទាប់ពីការព្រួយបារម្ភកាន់តែកើនឡើង ជុំវិញការសាកល្បងអាវុធនុយក្លេអ៊ែរ ជា លើទី៥ កាលពីខែកញ្ញា កន្លងទៅនេះ ដែលបានបង្ហាញថា កូរ៉េខាងជើង ពិតជាមានអាវុធប្រល័យលោក ដ៏មានអនុភាពលើសពីការស្មាន៕