(ព្រះវិហារ)៖ ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននឹងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្ដែង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដឹកនាំដោយ លោក ដួង មុនី សហការជាមួយ មន្ទីរពាណិជ្ជកម្ម មន្ដ្រីសាលាក្រុង បានបន្តចុះពិនិត្យមើលទំនិញ និងផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមផ្ទះលក់ទំនិញមួយចំនួន ស្ថិតក្នុងក្រុងព្រវិហារ ខេត្តព្រះវិហារ។
លោក ដួង មុនី បានឲ្យដឹងថា ជាលទ្ធផល ក្រោយត្រួតពិនិត្យ មន្ដ្រីជំនាញបានធ្វើការដកហូត ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ បានមួយចំនួនដូចជា នំកញ្ចប់ចម្រុះ ១៣.៩គីឡូក្រាម, នំត្រណាប់ ២.៣គីឡូក្រាម, គ្រាប់ចន្ទីកញ្ចប់ ១គីឡូក្រាម, ទំពាំងបាយជូក្រៀម ១គីឡូក្រាម, ទឹកក្រូចចម្រុះ ៤៤.៥លីត្រ, ទឹកផ្លែឈើចម្រុះ ២៣.៥៤លីត្រ, ទឹកដោះគោស្រស់ ៣លីត្រ, ប្រេងខ្យង ៣.៦លីត្រ, ប្រេងឆា ១លីត្រ ដែលទំនិញទាំងនេះ នឹងត្រូវយកទៅដុតកម្ទេចចោល។
ក្នុងឱកាសនោះដែរ មន្ដ្រីជំនាញក៏បាន ចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ផងដែរ៕