(ភ្នំពេញ)៖ ប្រធានាធិបតីទី៧របស់ចិន គឺលោក ហ្ស៊ី ជីនពីង នឹងផ្តើមដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៣, ១៤ ខែតុលា ឆ្នាំ២០១៦ តមតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា ក្នុងឋានៈជាប្រធានាធិបតីរបស់លោក ហ្ស៊ី ជីនពីង ត្រូវបានលោក សុខ ទូច បណ្ឌិតវិទ្យាសាស្រ្តនយោបាយ និងជាអ្នកវិភាគនយោបាយនៅកម្ពុជា បានមើលឃើញថា ដំណើរនេះជាការបង្ហាញឲ្យឃើញពីការរីកធំធាត់ នៃទំនាក់ទំនងកម្ពុជា-ចិន និងបង្ហាញទៅកាន់ពិភពលោក ពីការគាំទ្រគ្នារវាងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ តែក៏ជាដំណើរ ដើម្បីពង្រីកឥទ្ធិពលរបស់ចិនក្នុងតំបន់អាស៊ីផងដែរ។

ទំនាក់ទំនងកម្ពុជា-ចិន បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោយការជួបគ្នាជាលើកដំបូងរវាងព្រះបាទ នរោត្តម សីហនុ និងនាយករដ្ឋមន្ត្រីចិន លោក ជូ អេងឡាយ ក្នុងសន្និសីទមិនចូលបក្សសម្ព័ន្ធក្នុងក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ១៩៥៥។

សម្រាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្តេចតេជោ ហ៊ុន សែន និងរដ្ឋាភិបាលក្រុងប៉េកាំង ត្រូវបានគេដឹងថា ចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៩៧ ហើយក៏រីកធំធាត់ជាបន្តបន្ទាប់ ក្រោយពេលសម្តេចសម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសចិន នាអំឡុងឆ្នាំ១៩៩៩។ ការបង្វែពីគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច មកគាំទ្រគណបក្សប្រជាជនកម្ពុជា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយបុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យទំនាក់ទំនង កម្ពុជា-ចិន រីកធំធាត់ជាបន្តបន្ទាប់ រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន ហើយកម្ពុជា-ចិន តែងបានគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ និងក្នុងតំបន់។

ទំនាក់ទំនងរវាងកម្ពុជា និងចិន កាលពីអតីតកាលហាក់ធ្វើឲ្យកម្ពុជា ទទួលបានបណ្តាសា ច្រើនជាងពរជ័យ ជាពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) ដែលដឹកនាំដោយ លោក ប៉ុល ពត តែម្តង។ ព្រោះតែអតីតកាលបែបនេះ ធ្វើឲ្យក្រុមអ្នកនយោបាយ និងអ្នកវិភាគនយោបាយមួយចំនួន បានរិះគន់ថា ភាពស្អិតល្មួតរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយចិន ហើយមិនសូវជាស្និទ្ធជាមួយអាមេរិក នាពេលបច្ចុប្បន្ន ជាភាពរឿងមិនល្អ។

តែលោកបណ្ឌិត សុខ ទូច វិញ បានមើលឃើញដូច្នេះឡើយ លោក សុខ ទូច បានមើលឃើញថា ទំនាក់ទំនងកម្ពុជា និងចិន នាពេលបច្ចុប្បន្នគឺជារឿងមួយដ៏ល្អ ពោលទំនាក់ទំនងនេះ កម្ពុជា និងចិន បានការពារផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងមានផលចំណេញ ដូចៗគ្នា។ តែបើកម្ពុជា ចាប់ដៃអាមេរិក ដែលកំពុងមានភាពស្និទ្ធស្នាលជាមួយវៀតណាមនោះ នឹងធ្វើឲ្យកម្ពុជា ស្ថិតនៅក្រោមឥទ្ធិពលវៀតណាម ដូចសម័យសង្រ្គាមឥណ្ឌូចិនដូច្នោះដែរ។

លោក សុខ ទូច បានបញ្ជាក់ដូច្នេះ «កម្ពុជា-ចិន ចាប់ដៃគ្នាជាការល្អ! ល្អបំផុត។ ម៉េចបានល្អ? ពីព្រោះយើងក្រឡេកទៅមើលប្រវត្តិ សាស្រ្តបន្តិច អាមេរិកទស្សទាយខុស ប្រវត្តិសាស្រ្តយើងមើលឃើញហើយថា នៅពេលបារាំងចូលឥណ្ឌូចិន គឺបារាំងយកវៀតណាម ជាបងធំ នៅពេលសហភាពសូវៀត ចាប់វៀតណាមបាន ចាប់កម្ពុជា ក៏បាន ចាប់ឡាវ ក៏បាន។ ពេលអាមេរិក ដាក់ទីតាំងនៅសាយហ្គន ដូចជាចាប់ឥណ្ឌចិនបាន អីចឹងអាមេរិកាំង ហាក់មើលកម្ពុជារំលង ទៅចាប់វៀតណាម។ ស្មានតែចាប់វៀតណាមបាន អាចចាប់កម្ពុជាបាន ភ្លេចថា កម្ពុជា មានអធិបតេយ្យរបស់ខ្លួន ពេលនោះអ្វីដែលអាមេរិកបានគិត គឺខុស កម្ពុជា អត់បានទៅតាមវៀតណាមទេ កម្ពុជា មានជំហររបស់ខ្លួន។ បើកម្ពុជា ទៅចាប់អាមេរិកវិញ គឺកម្ពុជាខុស នៅក្រោមវៀតណាមទៀតហើយ កម្ពុជា រើអត់រួចទេ»

សូមបញ្ជាក់ថា ក្នុងទំនាក់ទំនងការទូតកម្ពុជា-ចិន រយៈពេលជាង ៥ទសវត្សរ៍មកនេះ មានប្រធានាធិបតីចិនចំនួន ៣រូបហើយ បានបំពេញទស្សនកិច្ចនៅកម្ពុជា រួមមាន៖ លោកប្រធានាធិបតី ចាំង ស៊េមីង ទស្សនកិច្ចនៅកម្ពុជា អំឡុងទសវត្សរ៍១៩៩០ និងនៅឆ្នាំ២០០០។ លោកប្រធានាធិបតី ហូ ជីងតាវ មកទស្សនកិច្ចផ្លូវការ នៅកម្ពុជា ឆ្នាំ២០១២ ហើយលោក ស៊ី ជីងពីង ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ។ លោក ហ្ស៊ី ជីនពីង ធ្លាប់បានមកកម្ពុជា រួចម្តងមកហើយកាលពីឆ្នាំ២០០៩ ក្នុងពេលរូបលោកមានឋានៈជាអនុប្រធានាធិបតី។

ប្រទេសចិន បានក្លាយជាម្ចាស់ជំនួយបរទេសធំជាងគេសម្រាប់កម្ពុជា ក្នុងនោះគ្រាន់តែឆ្នាំ២០១៦នេះ រដ្ឋាភិបាលក្រុងប៉េកាំង ផ្តល់ជំនួយប្រមាណ ៦០០លានដុល្លារ។ ក្នុងផ្នែកពាណិជ្ជកម្មនិងវិនិយោគចិននៅកម្ពុជាវិញ គឺមានជាង ៤ពាន់ ៣រយលានដុល្លារសម្រាប់ឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ នឹងកើនទៅដល់ជាង ៥ពាន់លានដុល្លារ៕

សូមស្តាប់ការបញ្ជាក់របស់លោកបណ្ឌិត សុខ ទូច ក្នុងបទសម្ភាសន៍ជាមួយអង្គភាព Fresh News ជុំវិញទំនាក់ទំនងកម្ពុជា-ចិន ក៏ដូចជាដំណើរទស្សនកិច្ចរបស់លោក ហ្ស៊ី ជីនពីង នៅកម្ពុជា៖