(សៀមរាប)៖ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ ខេត្តសៀមរាប សហការជាមួយកម្លាំង ការិយាល័យនគរបាលការពារ និងកម្លាំងអន្ដរាគមន៍ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួល ពីលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានបើកកិច្ចប្រតិបត្តិការបង្ក្រាប កន្លែងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ អនឡាញ មួយកន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ក្នុងនោះមានជនជាតិចិន១៨ និងជនជាតិខ្មែរ១នាក់។
លោកវរសេនីយទោ ជា គឹមសាន ស្នងការរង ទទួលផែនអន្ដោប្រវេសន៍ បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ ហើយប្រតិបតិ្តការនេះ ធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា ដោយក្នុងនោះ ផ្ទះសំណាក់យីហោ ស៊ានហ៊ួ ធៀន ឃាត់ខ្លួនបាន១៣នាក់ ស្រីម្នាក់ និងនៅផ្ទះB23-B26 ឃាត់ជនសង្ស័យ៦នាក់ ទីតាំងនេះ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
លោកស្នងការរង បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបានសម្ភារៈដូចជាកុំព្យូរទ័រលើតុ និងយូរដៃ១៦គ្រឿង, ទូរស័ព្ទដៃ១០គ្រឿង និងសម្ភារៈជាច្រើនទៀត។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យ និងដកហូតសម្ភារៈ ត្រូវបានបញ្ជូនខ្លូនទៅការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕