(កោះកុង)៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីលាក់ទុកអាវុធខុសច្បាប់ ហើយបានធ្វើការឆែកឆេររកឃើញអាវុធខ្លី១ដើមម៉ាក ប្រាសហា និងគ្រាប់កាំភ្លើងចំនួន ៤គ្រាប់។ ជននេះ ត្រូវបានបញ្ជូនខ្លួនរួមទាំងវត្ថុតាងទៅតុលាការ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ។
សមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យលាក់អាវុធទុក្ខប្រើប្រាស់ខុសច្បាប់នេះមានឈ្មោះ ថង់ ស៊ាងថៃ ភេទប្រុសអាយុ៣១ឆ្នាំ មានមុខរបរចាំផ្ទះសំណាក់ឲ្យ គេយាហោ (ផ្ទះសំណាក់តាប់) ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចដដែលបានបន្តថា ការចុះឃាត់ខ្លួនជនសង្ស័យ ខាងលើនេះគឺសមត្ថកិច្ចអនុវត្តន៏ ទៅតាមដីការបង្គាបឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកោះកុងលេខ ១៥៧២ ត.ព ចៅក្រមស៊ើបសួរ តារា សុតា។ ក្រោយពីធ្វើការសាកសួររួចរាល់ហើយ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួន រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕