(កណ្ដាល)៖ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ បន្ទប់ភ្នំពេញ វេនរសៀល (ភ្នំពេញរួមមិត្ត) និងថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រគល់សមិទ្ធិផលនានា ជូនដល់វិទ្យាល័យព្រែកស្លែង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកសាស្រ្តាចារ្យ សួន រ៉ានី នាយកការសិក្សា និងកម្មសិក្សា លោក បូរ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលបន្ត កម្មសិក្សាការី វគ្គវិក្រឹត្យការ មន្រ្តីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនរសៀល នៃសាលាភូមិន្ទរដ្ឋបាល ៥០រូប ព្រមទាំងលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកនាយក នាយករងវិទ្យាល័យព្រែកស្លែង យុវជន សសយក យុវជនខ៤ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យព្រែកស្លែង ជាច្រើននាក់ ផងដែរ។
សមិទ្ធិផល ដែលកម្មសិក្សាការី វគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល ប្រគល់ជូនក្នុងឱកាននោះ រួមមាន៖ ឡដុតសម្រាម, លាបថ្នាំអគារសិក្សាមួយខ្នង, ជួសជុលបន្ទប់អនាម័យ, ដាក់ធុងសម្រាម, ដាក់ស្លាកបន្ទប់រៀន និងបណ្ណាល័យ ព្រមទាំងផ្តល់ជូនថវិកា សម្ភារៈសិក្សាមួយចំនួនទៀត ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលសរុប ថវិកា ៦,៥២៥ ដុល្លារ។
បន្ថែមពីនេះ ក៏មានការជួយឧបត្ថម្ភជាកូនឈើ ដើម្បីដាំក្នុងបរិវេណវិទ្យាល័យ ដែលចំណាយថវិការផ្ទាល់ខ្លួនរបស់ លោក អេង សុភាព ប្រធានគោលដៅទី៤ យុវជនគណៈពង្រឹងស្រុក ចំនួន៧៥០ដុល្លារ ផងដែរ៕