(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ម៉ា ឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានប្រគល់ម៉ូតូ Honda Wave ស៊េរីឆ្នាំ២០១៦ ចំនួន៣គ្រឿង ដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៣នាក់ក្នុងសម័យប្រឡង ២២ សីហា ឆ្នាំ២០១៦ ដែលមកពីវិទ្យាល័យហ៊ុនសែនស្គន់២នាក់ និងម្នាក់ទៀតមកពីវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនមានជ័យ ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២ ប្រមាណ៨០នាក់ ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ា ឈឿន បានសម្តែងពីមោទនភាពចំពោះយុវជនខេត្ដកំពង់ចាម ដែលបានប្រឡងជាប់ទទួលបាននិទ្ទេសល្អ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយលោកក៏បាន ជំរុញសិស្សជយលាភីប្រឡងជាប់បាក់ឌុបទាំងអស់ទូទាំងខេត្ត ឲ្យបន្តការខិតខំប្រឹងប្រែងសិក្សាបន្តទៅទៀត ដើម្បីពង្រឹងសមត្ថភាព ចូលរួមចំណែកជួយ កសាងប្រទេសជាតិឲ្យកាន់តែ រីកចម្រើនថែមទៀត ពិសេស។
នាយឧត្ដមសេនីយ៍ បានថ្លែងបន្ដថា «សូមក្មួយៗដែលជាទំពាំងស្នងឬស្សី និងជាធនធានមនុស្ស ដ៏សំខាន់បំផុតសម្រាប់អភិវឌ្ឍប្រទេសជាតិ ត្រូវតែចេះរៀបចំផែនការ ឲ្យបានច្បាស់លាស់ កំណត់ទិសដៅឲ្យ បានត្រឹមត្រូវ ចាត់ចែងការងារទៅតាមលទ្ធភាព និងសមត្ថភាព ពិសេសចេះបង្កើនភាពជាអ្នកដឹកនាំ ទៅថ្ងៃមុខឲ្យកាន់តែប្រសើរ ហើយសម្រាប់លោកគ្រូអ្នកគ្រូក៏ដូច្នេះដែរ ត្រូវប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាពឲ្យដើរ តាមសម័យកាលជឿនលឿន ដើម្បីបង្រៀនសិស្សានុសិស្សក្រោយៗទៀត កាន់តែទទួលសមត្ថភាពខ្ពស់លើគ្រប់វិស័យ ឲ្យជាដឹកនាំមួយដ៏ល្អ» ។
នាយឧត្តមសេនីយ៍ ម៉ា ឈឿន ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ ដោយសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងខ្លាំងក្នុងការរក្សាស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសប្រឹងប្រែងទាក់ទាញអ្នកវិនិយោគបរទេស មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សបញ្ចប់ការសិក្សា។
គួរបញ្ជាក់ថា ក្រៅពីផ្តល់ម៉ូតូ ដល់សិស្សនិទ្ទេស A នាយឧត្តមសេនីយ៍ ម៉ា ឈឿន ក៏បានប្រគល់ថវិកាដល់លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់១០ម៉ឺនរៀនផងដែរ៕