(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) នៅថ្ងៃទី១២ ខែតុលានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយ អះអាងថា ខ្លួននៅតែបន្តឈរលេខរៀងទី១ លើចំនួនគណនីអតិថិជនកម្ចី បើគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ចំនួនគណនីបាន កើនឡើងដល់ជាង៣៥ម៉ឺន នេះបើយោងតាមរបាយការណ៍វិភាគ លើដំណើរការប្រតិបត្តិរបស់ស្ថាប័ន (Industry Performance Monitoring) ប្រចាំខែសីហា ឆ្នាំ២០១៦ របស់ ក្រេឌីតប្យូរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC)។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ការកើនឡើងចំនួនគណនីអតិថិជនកម្ចីដ៍ច្រើនលើសលប់នេះ គឺដោយសារតែ AMK មានសេវា ហិរញ្ញវត្ថុ ដែលបត់បែនទៅតាមតម្រូវការ របស់អតិថិជន និងមានវិសាលភាពប្រតិបត្តិការធំទូលាយ ជាពិសេសនៅតំបន់ជនបទ ដាច់ស្រយ៉ាល។
បច្ចុប្បន្ននេះ AMK បាននឹងកំពុងផ្តល់សេវាប្រាក់កម្ចីដ៍សម្បូរបែប ជាមួយនឹងអត្រាការប្រាក់សមរម្យ ជូនដល់អតិថិជនរបស់ខ្លួនដែល ភាគច្រើនពួកគាត់រស់នៅតំបន់ជនបទ។ គិតត្រឹម ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះ AMK បានពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ដោយគ្របដណ្តប់ភូមិចំនួន១២,៤៧០ ស្មើនឹង៨៩% នៃចំនួនភូមិសរុបនៅកម្ពុជា។
លោក សួន ពិសី នាយកប្រតិបត្តិឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានលើកឡើងថា «ពីមួយឆ្នាំទៅមួយឆ្នាំ អេ អឹម ខេ តែងតែអភិវឌ្ឍខ្លួនជាលំដាប់ដោយបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។ ជាក់ស្តែងថ្មីៗនេះ អេ អឹម ខេ បានដាក់ឲ្យប្រើប្រាស់សេវាប្រាក់កម្ចីបន្ថែមមានដូចជា៖ ប្រាក់កម្ចីសម្រាប់ទិញម៉ូតូ ប្រាក់កម្ចីសម្រាប់ទិញ
ឧបករណ៍កសិកម្ម មិនត្រឹមតែប៉ុណ្ណោះ អេ អឹម ខេ មានគម្រោងនឹងដាក់អោយប្រើប្រាស់សេវាប្រាក់កម្ចីថ្មី សម្រាប់អាជីវកម្មខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ដែលមានទំហំកម្ចីរហូតដល់ ៥ម៉ឺនដុល្លា នៅក្នុង ខែតុលាខាងមុខនេះ»។
លោកបានបញ្ជាក់បន្ថែមដូចនេះថា «ការកើនឡើងចំនួនអតិថិជននេះដោយសារតែ អេ អឹម ខេ បានផ្តល់សេវាកម្មល្អ មានទំនុកចិត្ត យល់ពីតម្រូវការរបស់អតិថិជន បុគ្គលិកបំពេញការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ ជាពិសេសសេវាកម្មរបស់ អេ អឹម ខេ បានទៅ ដល់ដៃអតិថិជន ទោះគាត់រស់នៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក្តី។ កត្តាទាំងនេះ វាស្របទៅនឹងបេសកកម្ម និងទស្សនវិស័យរបស់យើង គឺជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលស្រប និងឋិតថេរ»៕