(ភ្នំពេញ)៖ មន្ត្រីនគរបាលនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការនគរបាលជាតិ បានរាយការណ៍ ប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែតុលានេះ នៅម៉ោងប្រមាណ៤៖១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអង្គម្តេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឡើងដោយរថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ថោង ស៊ីង បានបង្កគ្រោះថ្នាក់ដោយខ្លួនឯង បើករេចង្កូតធ្លាក់ពីផ្លូវជាតិ បង្កឲ្យអ្នកដំណើរមានការភិតភ័យ យ៉ាងខ្លាំង។
មន្ត្រីនគរបាលដដែលបានចុះពិនិត្យមើលគ្រោះថ្នាក់នេះ ដោយផ្ទាល់បាននិយាយថា មូលហេតុដែលបង្កឲ្យគ្រោះថ្នាក់នេះ គឺដោយសារតែ អ្នកបើកបររថយន្តខាងលើ ងងុយដេក ងោកមួយភាំង ក៏ធ្វើឲ្យរថយន្តរេធ្លាក់ពីផ្លូវជាតិ មកអែបនឹងចញ្ចើមផ្លូវ បំរុងជ្រុលទៅបុកផ្ទះ ប្រជាពលរដ្ឋ និងរកធ្លាក់ចូលប្រឡាយ។ ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ។
ដោយសារតែមានហេតុការណ៍យ៉ាងដូច្នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវ ឲ្យក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវពិនិត្យអ្នកបើកបររយន្តទាំងអស់ ជៀងវាងបង្កគ្រោះថ្នាក់ចរាចរណ៍និងបង្កឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ក៏បានអំពាវនាវឲ្យអ្នកបើកបររថយន្ត កុំពិសារគ្រឿងស្រវឹង កុំប្រើប្រាស់គ្រឿងញៀន និងកុំបើកបរក្នុងអាការៈងងុយដេក៕