(វ៉ាស៊ីនតោន)៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសថា រដ្ឋ South Carolina កំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយ ដោយបានអនុញ្ញាតឲ្យមានថវិកាជំនួយសហព័ន្ធ ដើម្បីផ្គត់ផ្គង់ដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការស្តារស្ថានភាពនៅក្នុងរដ្ឋឡើងវិញ នៅតាមតំបន់ទាំង១៣ ដែលបានទទួលរងការវាយប្រហារយ៉ាងដំណំ ដោយខ្យល់ព្យុះ Hurricane Matthew។ នេះបើតាម ការចេញផ្សាយដោយ Reuters នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។
លោកស្រី Nikki Haley អភិបាលរដ្ឋ South Carolina បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា សេចក្តីប្រកាសខាងលើ នឹងអនុញ្ញាតឲ្យមានថវិកាជំនួយ ដើម្បីជួយដល់អាជ្ញាធរប្រចាំតំបន់ ទីភ្នាក់ងារដ្ឋ និងអង្គការមិនរកប្រាក់ចំណេញ ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនានា ក្នុងការចំណាយផ្សេងៗ ដែលពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញដោយសារ ព្យុះកំណាច Hurricane Mattew នេះ។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ព្យុះដ៏សាហាវបំផុតដែលមិនធ្លាប់កើតមាន ជិតមួយទសវត្សរ៍មកនេះ បានសម្លាប់មនុស្សច្រើនជាងមួយពាន់នាក់ នៅក្នុងប្រទេសហៃទី និងបានឆក់យកជីវិតមនុស្សចំនួន ២១នាក់ នៅសហរដ្ឋអាមេរិក ដោយក្នុងនោះ ១១នាក់ នៅរដ្ឋ North Carolina, ៤នាក់ នៅរដ្ឋ Florida, និង ៦នាក់ទៀត នៅរដ្ឋ South Carolina និង Georgia៕