លោក បារ៉ាក់ អូបាម៉ា៖ វាពិតជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ចំពោះហៅការប្រើពាក្យសម្ដី បំពានផ្លូវភេទពីសំណាក់ លោក ដូណាល់ ត្រាំ
12-10-2016 09:50
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចាត់ទុកថាការប្រើពាក្យ សម្ដីប្រមាថ លើស្រី្តនៅក្នុងខ្សែវីដេអូមួយរបស់លោក ដូណាល់ ត្រាំ ដែលបង្ហាញពីការរំលោភបំពាន ផ្លូវភេទនោះគឺជាទង្វើគួរឱ្យស្អប់ខ្ពើម។ នេះបើយោងតាមការថ្លែងដោយ អ្នកនំាពាក្យសេតវិមាន លោក ចូស អឺនែស ដែលចុះផ្សាយដោយ ស្ថានីយ៍ទូរទស្សន៍CNN នៅព្រឹកថ្ងៃពុធ ទី១២ខែតុលា ឆ្នាំ២០១៦។
លោក ចូស អឺនែស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានទៀតថា «ដូចគ្នាទៅនឹងប្រជាជនអាមេរិក លោក ប្រធានាធិបតីអូបាម៉ា បានឃើញនិងមើលវីដេអូ ដ៏គួរឱ្យស្អប់ខ្ពើមនេះ ហើយការប្រើពាក្យសម្ដី នៅក្នុងវីដេអូនេះទៀតសោត សក្តិសមនឹងត្រូវបានគេថ្កោលទោស ព្រោះថាវាអាចចាត់ទុកថា ជាការរំលោភបំពានផ្លូវភេទ»។
គួររំលឹកថា រឿងអាស្រូវវីដេអូដែលត្រូវបានថតនៅឆ្នាំ២០០៥ របស់លោក ត្រាំ ត្រូវបានកាសែត Washington Post ចុះផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ទោះចង់ឬមិនចង់ វាបានធ្វើឱ្យប៉ះពាល់ដល់ យុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ត្បិតមេដឹកនាំកំពូលនៃគណបក្សសារធារណៈរដ្ឋមួយចំនួន ធ្លាប់បានអះអាងថាពួកគេនឹងមិនបោះឆ្នោតគាំទ្រលោក ត្រាំ ជាប្រធានាធិបតីអាមេរិក នៅអណត្តិក្រោយនោះទេ៕