(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្ដចូលរួមសហការ ដើម្បីភាពប្រសើរឡើង នៃអភិបាលកិច្ចបរិស្ថាន ដោយត្រូវខិតខំអនុវត្តឲ្យ បានជោគជ័យ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តគម្រោងកំណែទម្រង់អភិបាលកិច្ចបរិស្ថាន ដែលជាគម្រោងពង្រឹងសមត្ថភាព ស្ថាប័នរបស់ក្រសួងបរិស្ថាន។
ការស្នើបែបនេះ របស់លោករដ្ឋមន្ដ្រី សាយ សំអាល់ ត្រូវបានធ្វើឡើង នៅល្ថាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវការអនុវត្តគម្រោងកំណែទម្រង់ អភិបាលកិច្ចបរិស្ថាន។
គម្រោងនេះដែរ មានការជួយឧបត្ថម្ភជាថវិកា និងគាំទ្រផ្នែកបច្ចេកទេស ពីសំណាក់ដៃគូអភិវឌ្ឍន៍ ក្រោមការសម្របសម្រួលរបស់អង្គការ UNDP ប្រចាំកម្ពុជា គម្រោងនេះបានផ្តោតជាចម្បងលើគោលដៅចំនួន៣គឺ ទី១-ការធ្វើទំនើបកម្មក្រសួងបរិស្ថាន ទី២-ការបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងទី៣-ការរៀបចំក្រមបរិស្ថាន ដើម្បីរួមចំណែក ដល់ការពង្រឹងប្រសិទ្ធភាពការងារ ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព របស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ៗជំនាន់។
ក្នុងនោះដែរ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបរិស្ថានបានកំណត់បំណងយុទ្ធសាស្រ្ត ចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន យ៉ាងជាក់លាក់នៅ ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានេះ ដោយអនុលោមតាមកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងមតិណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គលើកទី១ របស់គណៈរដ្ឋមន្រ្តី។
បន្ថែមពីនេះ លោក សាយ សំអាល់ បានសម្ដែងនូវការកោតសរសើរ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក ដល់កិច្ចគាំពារជីវភាពមន្រ្តីរាជការ ការកែសម្រួលមុខងាររចនាសម្ព័ន្ធគ្រប់គ្រង ការពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីរាជការ ការពង្រឹងរបៀបរបបការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការផ្ទេរកញ្ចប់ថវិកាតាមកម្មវិធី ទៅឱ្យអង្គភាពថវិកា ការផ្ទេរមុខងារ និងធ្វើប្រតិភូកម្មទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំបង្កើតអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងការរៀបចំក្រមបរិស្ថាន៕