(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើការស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ បើកទូលាយក្នុងការសម្តែងមតិនៅតាមទីសាធារណៈ តែលោក ប៉ា សុជាតិវង្ស បានឆ្លើយតបវិញភ្លាមៗថា ការផ្ទុះហិង្សា ព្រោះតែក្រុមសម្ដែងមតិ មិនគោរពច្បាប់ និងការណែនាំរបស់អាជ្ញាធរ។

ការស្នើបែបនេះ ត្រូវបានធ្វើឡើងនៅ​ រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ក្នុងពេលដែល លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញ​ បានទទួលជួបសវនការជាមួយលោកស្រី Rhona Smith អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ​ក្នុងជំនួបនោះ បានពិភាក្សាលើប្រធានបទ​៣ ដូចជា ការសម្តែងមតិនានា បញ្ហាជនអនាថានៅតាមដងផ្លូវសាធារណៈ និងបញ្ហាប្រជាពលរដ្ឋរស់នៅ មិនរៀបរយអាណាធិបតេយ្យ។

លោកស្រី អ្នករាយការណ៍ បានលើកឡើងយ៉ាងដូច្នេះថា ការសម្តែងមតិរបស់ប្រជាពលរដ្ឋ នៅមានលក្ខណៈរិតត្បិត និងមានការរារំាងពីសមត្ថកិច្ច ជាក់ស្ដែងដូចជា ការផ្ទុះអំពើហិង្សាកើតឡើង រវាងសមត្ថកិច្ច និងសកម្មជនសិទ្ធិមនុស្ស នៅពេលពួកគេចូលរួមដើរហែក្បួន ដោយសន្តិវិធីប្រារព្ធ ទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ កាលពីថ្ងៃទី១០​ ខែតុលា កន្លងទៅនេះ។

ជាការឆ្លើយតប លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «អាជ្ញាធរពុំបានរិតត្បិត ចំពោះការសម្តែងមតិ របស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែអាជ្ញាធរ តម្រូវឲ្យពួកគេធ្វើទៅតាមច្បាប់ ដើម្បីធានាបាន ការសម្តែងមតិប្រកបដោយសុខសុវត្ថិភាព និងមានដំណើរឲ្យចំគោលដៅ។​ អ្វីដែលបង្កឲ្យមានបាតុភាពមិនល្អ ឬការផ្ទុះអំពើហិង្សាកើតឡើង ដោយសារតែក្រុមសម្តែងមតិទំាងនោះ អនុវត្តផ្ទុយនឹងច្បាប់ ខុសពីកិច្ចសន្យាព្រមព្រៀង ជាមួយនឹងអាជ្ញាធរ ដូច្នេះ គឺតម្រូវឲ្យមានការតម្រង់ទិស ដើម្បីធានាបានសន្តិសុខ​ សណ្តាប់ធ្នាប់ សាធារណៈ»

ជាចុងក្រោយ លោក ប៉ា សុជាតិវង្ស បានបន្ថែមថា គ្មានខ្មែរឯណា​ ធ្វើបាបខ្មែរខ្លួនឯងនោះទេ ផ្ទុយមកវិញ អង្គការសង្គមស៊ីវិលមួយចំនួន បានប្រើប្រាស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន គេងចំណេញនយោបាយ និងបង្កើតជារូបភាពអវិជ្ជមានផ្សេងៗ​ ចំណែក​អាជ្ញាធរ គឺតែងតែធ្វើការសម្របសម្រួល រកដំណោះស្រាយជូនពួកគាត់ជានិច្ច៕