(សៀមរាប)៖ ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននឹងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយ មន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យមើលទំនិញ និងផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារវត្តពោធិលង្កា ផ្សារភូមិទ្រាំង និងនៅតាមផ្ទះលក់ទំនិញមួយចំនួន ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីសាខាកាំកុងត្រូល បានឲ្យដឹងថា លទ្ធផល នៃការត្រួតពិនិត្យ គឺក្រុមការងារពុំបានរកឃើញវត្តមាន នៃសាធាតុគីមីហាមឃាត់ ដូចជា Salicylic Acid និងBorax នៅក្នុងម្ហូបអាហារឡើយ ហើយក៏ពុំបានរកឃើញផលិតផល ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ដែរ។
ឱកាសនោះដែរ មន្ដ្រីជំនាញក៏បាន ចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ផងដែរ។
ជាងនេះទៅទៀត ក្រុមការងារ ក៏បានថ្លែងសរសើរ និងអរគុណ ដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ចសហការល្អ ដោយរីករាយ ជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់ បណ្តាលមកពីផលិតផលខូចគុណភាព ដោយបានស្ម័គ្រចិត្តផ្តល់ដល់ក្រុមការងារ នូវផលិតផលខូចគុណភាពទាំងអស់នោះ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏បានអំពាវនាវ ឲ្យអាជីវករលក់ដូរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ត្រូវដឹងពីប្រភពច្បាស់លាស់ មានវិក្កិយបត្រ ត្រឹមត្រូវផងដែរ៕