ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ «បើសិនអ្នកជាអ្នកគំាទ្រលោក Donald Trump និយាយលាការងាររបស់អ្នកឱ្យ ហើយទៅ!»
12-10-2016 07:32
(វ៉ាស៊ីនតោន)៖ បេក្ខភាពប្រធានាធិបតីអាមេរិកនៃគណបក្សសាធារណរដ្ឋលោក Donald Trump បានសម្ដែង ការខឹងសម្បារយ៉ាងខ្លាំងចំពោះអាកប្បកិរិយាលំអៀង នៃប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនដែលមានគោល បំណងប្រឆាំងនឹងរូបលោក ដោយលោក Trump ផ្ទាល់បានសរសេរលើ Twitter ថា «តើនេះឬជាសហរដ្ឋអាមេរិក ពិតប្រាកដ? វាគួរឱ្យរន្ធត់ណាស់!»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ ថ្ងៃអង្គារ៍ ទី១១ ខែតុលា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់លោក Donald Trump ធ្វើឡើងនៅបន្ទាប់ពីពិធីករស្ថានីយ៍ទូរទស្សន៍ Fox News លោក Bill O'Reilly បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក យ៉ាងហោចណាស់ចំនួន៣ បាន បង្គាប់បុគ្គលិករបស់ខ្លួន កុំឱ្យគំាទ្រមហាសេដ្ឋីអចលនទ្រព្យរូបនេះ។ «បើសិនអ្នកជាអ្នកគំាទ្រលោក Trump និយាយលាការងាររបស់អ្នកឱ្យហើយទៅ!»។ នេះបើតាមលោក Bill O'Reilly ដោយលោកមិនបានបញ្ជាក់ ឡើយពីប្រព័ន្ធផ្សព្វផ្សាយដែលដាក់បទបញ្ជាររបៀបនេះ។
សូមជំរាបថា កាលពីថ្ងៃចន្ទម្សិលមិញ លោក Donald Trump ក៏បានរិះគន់ និង ចាត់ទុកផងដែរថា ការស្ទង់ មតិរបស់ស្ថានីយ៍ទូរទស្សន៍ CNN ដែលថាលោកស្រី Clinton ឈ្នះនៅក្នុងការជែកដេញដោលជុំទី២ គឺជារឿង គួរឱ្យសោកស្ដាយ និងមិនត្រឹមត្រូវ៕